ក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោ ធ្វើរាត្រីសប្បុរសធម៌


HS 27 06 16 2 copy

     រាត្រីសមោសរសប្បុរសធម៌មួយ ដែលបង្ហាញពីសកម្មភាពរបស់ក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោសែន បានប្រារព្ធទៅយ៉ាងអឺកអធិក ដោយមានការចូលរួមពីក្រុមសប្បុរសជន ក្រោមអធិបតីភាព លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន

     បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានមានប្រសាសន៍ក្នុងរាត្រីសប្បុរសធម៌យប់ថ្ងៃទី២៣ ខែមិថុនាថា ប្រមាណ៤ឆ្នាំមកនេះ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃបាន សរុបជាង ១សែន ៥ម៉ឺននាក់

     បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងចាត់ទុកការព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជាទង្វើមនុស្សធម៌…ជាជ្រុងមួយនៃការផ្តល់នូវស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់អ្នកជំងឺ និងដល់ក្រុមគ្រួសាររបស់ពួកគេ ។ កម្មវិធីរាត្រីសប្បុរសធម៌ ធ្វើឡើងក្រោមប្រធានបទ «ក្រោមមេឃតែមួយ» ដោយមានការ ចូលរួមពីសមាគមគ្រួពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងភ្ញៀវជាតិ អន្តរជាតិជាច្រើននាក់ នៅសណ្ឋាគារសូហ្វីតែលភោគីត្រា ក្នុងរាជធានីភ្នំពេញ ។

     បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា សកម្មភាពរបស់សមាគមនៅទូទាំង ២៥រាជធានី បានជួយពិនិត្យព្យាបាល ជំងឺជូនប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈការផ្តល់សេវាសុខភាព ជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសនៅតាមទីជនបទដាច់ស្រយាលនានា ។ បណ្ឌិតហ៊ុន ម៉ាណែត បានបញ្ជាក់ថា គិតចាប់តាំងពីឆ្នាំ២០១២ រហូតទល់នឹងបច្ចុប្បន្ននេះសមាគមបានព្យាបាលជំងឺជូន ប្រជាពលរដ្ឋសរុបចំនួន ១៥០,៨៨៩នាក់ ដោយក្នុងនោះ មានករណីជំងឺធ្ងន់ៗចំនួន ១,៨៣៥នាក់ ដែលត្រូវបានសមាគមបញ្ជូនមកព្យាបាល និងសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ។

     លោកជំទាវ ម៉ែន សំអន បានមានប្រសាសន៍ក្នុងរាត្រីសប្បុរសធម៌ សម្តែងការកោតសរសើរ ដល់ក្រុមគ្រូពេទ្យស្ម័គ្រយុវជនសម្តេចតេជោសែន និងបានចាត់ទុកថា សកម្មភាពដែលក្រុមគ្រូពេទ្យទាំងឡាយបានធ្វើនេះ គឺជាសមិទ្ធិផល និងសកម្មភាពដែលមានតម្លៃមនុស្សធម៌ដ៏ធំធេង និងថ្លៃថ្លាក្នុងសកម្មភាពជួយឧបត្ថម្ភស្រោចស្រង់អាយុជីវិត និងផ្តល់សេចក្តីសង្ឍឹមដល់ប្រជាជនរាប់ម៉ឺននាក់ ។ លោកជំទាវបានថ្លែងកត់សម្គាល់ថា សកម្មភាពនេះ ធ្វើឡើងក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីការស្រលាញ់វិជ្ជាជីវៈ ក្នុងការព្យាបាលជូនប្រជាជន ដោយមិនប្រកាន់និន្នាការនយោបាយ និងសាសនាអ្វីឡើយ ។

HS 27 06 16 3 copy

HS 27 06 16 4 copy

HS 27 06 16 5 copy