សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសាសនាគ្រីស្តមួយ នៅថ្ងៃទី២៤ ខែមិថុនា ដោយមានមនុស្សចូលរួមប្រមាណ ២ពាន់នាក់ នៅបុរីកោះពេជ្រ ។ ពិធីបុណ្យសាសនាគ្រឹស្ត ដែលមានព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូគង្វាល និងថ្នាក់ដឹកនាំគ្រីស្តបរស័ទ ចូលរួមផងដែរនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទ «ដើម្បីសុខដុមកម្ម គ្រីស្តសាសនានៅកម្ពុជា» ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្តែ សម្តេចក៏បានចូលរួមស្រាយបួសជាមួយសាសនិកឥស្លាម… និងជួបជុំជាមួយគ្រឹស្តសាសនាថែមទៀត ។ សម្តេចបានមានប្រសាសន៍អំពាវនាវឱ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា កុំមានទំនាស់ជាមួយគ្នា… ត្រូវធ្វើល្អជាមួយគ្នា… និងសម្តេចបានបញ្ជាក់ថា គ្រប់សាសនាទាំងអស់ មិនបានណែនាំមនុស្សឱ្យធ្វើអំពើអាក្រក់នោះទេ ។ សម្តេចបានមានប្រសាសន៍បង្ហាញថា ជម្លោះសាសនាគឺជាគ្រោះថ្នាក់ធំណាស់ ដែលគេត្រូវប្រុងប្រយ័ត្ន ។ សម្តេចបានមានប្រសាសន៍ពីបដិវត្តពណ៌ ដែលបានកើតឡើងតាមប្រទេសដទៃ គឺមិនបានឱ្យប្រទេសទាំងនោះរីកចំរើនឡើយ ។ សម្តេចបានលើកពីបដិវត្តពណ៌នៅអ៊ីរ៉ាក់… លីប៊ី… ទុយនេស៊ី… អេហ្ស៊ីប និងស៊ីរី នោះជាដើម ដែលបដិវត្តពណ៌ទាំងនោះ បានធ្វើឱ្យប្រជាជនសាមីប្រទេស មានការរងលំបាក ស្លាប់ មានលំហរជនភៀសខ្លួន ទៅប្រទេសអឺរ៉ុប និងបង្កផលវិបាកធ្ងន់ធ្ងរដល់ប្រទេសជាតិខ្លួនឯង ។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានគ្រឹស្តសាសនាធំៗចំនួន២ គឺនិកាយកាតូលិក និងនិកាយប្រូតេស្តង់ ។ និកាយកាតូលិកមានមានវិហារចំនួន ៥៥កន្លែង… មានស្នាក់ការថ្វាយបង្គំ ៣០កន្លែង… មានសាលា ៤៣កន្លែង… និងមានបរិស័ទរបស់ខ្លួនចំនួន ១២,៩៧៣នាក់ ។ ចំណែកនិកាយប្រូតេស្តង់ មានវិហារចំនួន ៣៣០កន្លែង… ស្នាក់ការថ្វាយបង្គំចំនួន ៩៩៩កន្លែង… សាលា ៥០៤កន្លែង… អង្គការសមាគម ៩៥កន្លែង និងមានបរស័ទចំនួន ៨៣,០៨៦នាក់ ។ និកាយគ្រឹស្តសាសនាទាំង២ បើសរុបមានចំនួនរួម ៩៦០៥៩នាក់ ។