នារសៀលថ្ងៃច័ន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព. ស២៥៦១ ដៃគូសន្ទនាបានផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការលើ វិស័យវាយតម្លៃទទួលស្គាល់(Accredi tation)ដោយធ្វើយ៉ាងណាសម្រេចឈានទៅដល់ការចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នាមួយ ដើម្បីបើកផ្លូវឲ្យភាគី ទាំងពីរអនុវត្តការផ្សព្វផ្សាយការយល់ដឹង ស្តីពីការវាយតម្លៃភាពអនុលោមជំនាញបុគ្គល នៅប្រទេសកម្ពុជា។
លោកស្រីនាយកប្រតិបត្តិ Juliana Lim បានបញ្ជាក់ថា៖ក្រុមហ៊ុន IPEC ជាក្រុមហ៊ុន ល្បី និងមានបទពិសោធន៌នៅប្រទេសម៉ាឡេស៊ី បានធ្វើប្រតិបត្តិការរបស់ខ្លួន ដោយមានការទទួលស្គាល់ជាទូទៅ នៅតំបន់អាស៊ីប៉ាស៊ីហ្វិច ផ្នែកវាយតម្លៃភាពអនុលោមជំនាញបុគ្គលតាមស្តង់ដារ ISO/IEC 17024 ។ លោកស្រីបានបន្ថែមថា៖ការចេញវិញ្ញាបនបត្របញ្ជាក់ភាពអនុលោមជំនាញបុគ្គល គឺជាគន្លឹះដ៏សំខាន់សម្រាប់ដំណោះស្រាយក្នុងបរិបទនៃបដិវត្តន៌ឧស្សាហកម្មរីកចម្រើន-ដំណោះស្រាយផ្នែកសេដ្ឋកិច្ច ជាពិសេសធ្វើឲ្យធុនធានមនុស្សប្រកបដោយថាមពល សំដៅលើកកំពស់គុណភាព០៣ជាសំខាន់របស់មនុស្ស គឺ៖គុណភាពកាលានុវត្តភាព-គុណភាពចំណូល និងគុណភាពជីវិត ។ ដោយឡែកសម្រាប់កម្ពុជា ការអនុវត្តបានសម្រាប់ការវាយតម្លៃ ភាពអនុលោមជំនាញបុគ្គលនេះ នឹងជួយគាំទ្របន្ថែមទៀតទៅដល់ការបន្លាស់ទីនៃកំលាំងពលកម្មដោយសេរីជុំវិញពិភពលោក នៃសហគមន៌កម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ចំពោះកិច្ចសហការនេះ ព្រមទាំងចាត់ទុកជាកត្តាសំខាន់ ដែលមនុស្ស ម្នាក់ៗមានជំនាញផ្ទាល់ខ្លួនហើយ ត្រូវមានការ វាយតម្លៃទទួលស្គាល់ ដែលបញ្ហានេះដូចជា យើងបានទទួលស្គាល់តម្លៃ ឬ គុណភាពជីវិត របស់បុគ្គលម្នាក់នៅក្នុងសង្គម ដែលមានជំនាញច្បាស់ លាស់ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា៖ការអនុវត្តការងារ នេះបាន ជាចំណែកមួយចូលរួម ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏ដូចជារាជរដ្ឋាភិបាល ដែលកំពុងយកចិត្តទុកដាក់ការកសាងហេដ្ឋារចនាសម្ព័ន្ធគុណភាព(QI) ដើម្បីឧត្តមភាពប្រកួតប្រជែង និងកំណើន សេដ្ឋកិច្ច ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បាន បង្ហាញជំហរមិនជំទាស់ទេ ចំពោះការចុះអនុស្សារណៈយោគយល់គ្នា សម្រាប់ធ្វើការផ្សព្វផ្សាយការយល់ដឹងស្តីពីការវាយតម្លៃភាពអនុលោមជំនាញបុគ្គលនៅកម្ពុជា ។ ប៉ុន្តែឈានដល់ការអនុវត្ត ដើម្បីសម្រេចឲ្យក្រុមហ៊ុន IPEC ប្រតិបត្តិការការងារនេះនៅកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុនផ្តល់ឯកសារគោល ដែលបង្ហាញពីការបង្កើតរចនាសម្ព័ន្ធ និងបទពិសោធន៌ជោគជ័យនៅប្រទេសមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់កម្ពុជា ។ កិច្ចការនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី នឹងដាក់ឆ្លងការពិភាក្សា ជាមួយក្រុមប្រឹក្សាជាតិវាយតម្លៃ ទទួលស្គាល់នាពេលខាងមុខ ពីព្រោះការងារ នេះមានការពាក់ព័ន្ធយ៉ាងតិចជាមួយក្រសួងចំនួន០៣ គឺក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំយុវជននិងកីឡា ដើម្បីឲ្យការ អនុវត្តមានភាពរលូន ជៀសវាងបាននូវទំនាស់ផលប្រយោជន៌ ។