សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ (ពេញអង្គ)


នៅព្រឹកថ្ងៃ ទី៣១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គលើកទី៦ ដែលធ្វើឡើងនៅសាលសន្និសីទអន្តរជាតិ ទីក្រុងហាណូយ ប្រទេសវៀតណាម។ កិច្ចប្រជុំនេះ គឺមានការចូលរួមពីបណ្តាមេដឹកនាំនៃមហាអនុតំបន់មេគង្គ និងមន្ត្រីសំខាន់ជាច្រើនទៀត។ ​​មុននឹងចាប់ផ្តើមប្រជុំកំពូលមហាអនុតំបន់មេគង្គ(GMS)លើកទី៦ មេដឹកនាំ GMS បានអញ្ជើញ​ទស្សនាវីដេអូរូបភាព ស្តីពីសកម្មភាពរយះពេល២៥ឆ្នាំ នៃប្រទេស GMS ក្នុងការភ្ជាប់តំនាក់ទំនង និងធ្វើការជាមួយគ្នា​ផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានរួមកិច្ចប្រជុំកំពូលមហាអនុបន់មេគង្គលើកទី ៦ ក្រោមប្រធានបទ «ការធ្វើអានុភាវូបនីយកម្មកិច្ចសហប្រតិបត្តិការរយៈពេល ២៥ ឆ្នាំ ដើម្បីកសាងមហាអនុតំបន់មេគង្គប្រកបដោយដោយចីរភាព, សមាហរណកម្ម និងវិបុលភាព» នៅទីក្រុងហាណូយនេះ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការមហាអនុតំបន់មេគង្គ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមក ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់តំបន់, ភាពប្រកួតប្រជែង និងការកសាងនូវសហគមន៍តំបន់ដែលមានសុខសន្ដិភាព, វិបុលភាព និងសាមគ្គីភាព ។

ដើម្បីរួមចំណែកពង្រីក កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តឱ្យបានពេញលេញនូវ «ក្របខ័ណ្ឌយុទ្ធសាស្ត្រមហាអនុតំបន់មេគង្គនិងទិសដៅឆ្ពោះទៅមុខ» សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖
ទី១)ស្របគ្នានឹងចក្ខុវិស័យរបស់កម្ពុជាក្នុងការឈានទៅសម្រេចឱ្យបាន នូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០, សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពក្នុងការតភ្ជាប់, ទាំងផ្នែកផ្នែកទន់ និងផ្នែករូបវន្ត, តាមរយៈការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ចូន និងថាមពល ក្នុងការលើកកម្ពស់វិស័យសំខាន់ៗ រួមមាន កសិកម្ម, ឧស្សាហកម្ម, ពាណិជ្ជកម្ម និង ទេសចរណ៍ ។ យើងគួរផ្ដោតការយកចិត្តទុកដាក់ បន្ថែមទៀតលើការ ជំរុញការតភ្ជាប់ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ការវិនិយោគលើ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពល, ការជំរុញអនុវត្តកិច្ចព្រមព្រៀងសម្រួលការ ដឹកជញ្ជូនឆ្លងកាត់ព្រំដែន, ការបង្កើត តំបន់សេដ្ឋកិច្ចពិសេសឆ្លងកាត់ព្រំដែន និងការអភិវឌ្ឍទីក្រុង តាមរបៀងសេដ្ឋកិច្ច ដើម្បីរួមចំណែក ដល់ពិពិធកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែទូលាយ ។

ទី២- គួរបង្កើនការយកចិត្តទុកដាក់លើការតភ្ជាប់ផ្នែក ទន់ផងដែរ ដើម្បីទាញអត្ថប្រយោជន៍ឱ្យបានពេញលេញពីការវិនិយោគលើការតភ្ជាប់នូវរូបវន្ដរួមទាំង ការតភ្ជាប់ឌីជីថល និងការផ្ទេរបច្ចេកវិទ្យា, ព្រមទាំងពីការធានាចលនាដោយសេរី និងប្រកបដោយប្រសិទ្ធភាពនូវលំហូរពលកម្ម, ពាណិជ្ជកម្ម និងការវិនិយោគ ដោយបំពេញគ្នា ទៅវិញទៅមកនៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់។ កម្ពុជាស្នើឲ្យប្រទេសជាសមាជិកទាំងអស់ រួមគ្នាពន្លឿនការអនុវត្តន៍ ឲ្យបានពេញលេញនូវ “កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែន” តាមរយៈការធ្វើ បច្ចុប្បន្នភាពនីតិវិធីអនុវត្ត និងជំរុញអនុវត្តគំនិតផ្តួចផ្តើមនេះឲ្យមានប្រសិទ្ធភាពខ្ពស់។

ទី៣)ត្រូវបន្តខិតខំធានាកំណើនសេដ្ឋកិច្ចមហាអនុតំបន់មេគង្គឲ្យមានភាពរឹកមាំ ចីរភាព និងបរិយាបន្ន តាមរយៈធានានូវប្រសិទ្ធភាពជាអតិបរិមានៃការអនុវត្តកម្មវិធីមហាអនុតំបន់មេគង្គ។ កម្ពុជាគំាទ្រ “ផែនការសកម្មភាពហាណូយ និងក្របខ័ណ្ឌ វិនិយោគតំបន់ឆ្នាំ២០២២” សម្រាប់តម្រង់ទិសការអនុវត្តកម្មវិធីមហាអនុតំបន់មេគង្គ ចាប់ពីឆ្នាំ ២០១៨ ដល់ ឆ្នាំ២០២២ ។

ទី៤) កម្ពុជាសូមថ្លែងអំណរគុណចំពោះដៃគូអភវិឌ្ឍន៍ ជាពិសេសធានាគា អភិវឌ្ឍអាស៊ី សម្រាប់ការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសនានា។ ជាក់ស្តែង ការតភ្ជាប់ ក្នុងតំបន់ជាពិសេស ការភ្ជាប់ហេដ្ឋរចនាសម្ព័ន្ធ គឺពិតជាត្រូវការហិរញ្ញប្បទានយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះគម្រោងចំនួន ១២៩ គិតជាទឹកប្រាក់ស្មើនឹង ២៩ពាន់លានដុល្លារ នៅក្នុងក្របខ័ណ្ឌ នៃវិនិយោគតំបន់ ២០២២ នៅមិនទាន់មានហិរញ្ញប្បទាននៅឡើយ។ សម្តេចតេជោ សូមលើកទឹកចិត្ត ដល់ប្រទេសសមាជិក និងដៃគូអភិវឌ្ឍន៍ មេត្តាខិតខំកៀរគរធានាគាបន្ថែមដើម្បីអនុវត្តផែនការ ប្រកបដោយមហិច្ចតារបស់យើង ចំពោះគំនិតផ្តួចផ្តើមតំបន់សំខាន់ៗដូចជា “គំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ ផ្លូវមួយ ”, “ធានាគាវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី”និង “គំនិតផ្តួចផ្តើមរបស់ជប៉ុនស្តីពីភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយគុណភាព” ក៏ដូចជាការចូលរួមរបស់វិស័យឯកជនក្នុងការអភិវឌ្ឍតំបន់របស់យើង។
ទី៥) ចំពោះការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្មតំបន់ និងពិភពលោកទាំងលើទិដ្ឋភាព សេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ និងការវិវត្តន៍បច្ចេវិទ្យា សម្តេចតេជោសូម ស្នើឲ្យមានការគិតគូរ អំពីចក្ខុវិស័យ វែងឆ្ងាយសម្រាប់សហប្រតិបត្តិការរបស់យើងទៅមុខ ក្រោយពីផែនការហាណូយ ២០២២ ត្រូវបាន បញ្ចប់ ដើម្បីចាប់យកឱកាស និងត្រៀមដោះស្រាយផលវិបាកនានា ជាយថាហេតុ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍អំពីរសារៈសំខាន់នៃសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅ និងការពង្រឹងទំនាក់ទំនងបណ្តាលប្រទេសក្នុងតំបន់ក្នុងការនាំមកនូវសន្តិភាព ស្ថិរភាព និងភាពរុងរឿងសម្រាប់ប្រទេសជាតិយើងនីមួយៗ។ ជាមួយគ្នានោះកម្ពុជាប្តេជ្ញាខិតខំពង្រឹងកិច្ច សហប្រតិបត្តិការមហាអនុតំបន់មេគង្គ ឲ្យសម្រេចបានលទ្ធផលល្អប្រសើរថែមទៀត ជាពេលខាងមុខ៕

 31770

 31772

 31771

 31773

 31776

 31774