ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សកាន់អំណាច ឯកឧត្តម សុខ ឥសាន នៅព្រឹកថ្ងៃអាទិត្យ ទី១ ខែមេសា ឆ្នាំ២០១៨ បង្ហាញពីជម្រើសជាកត្យានុម័តមួយ សម្រាប់ប្រទេសតូច និងទន់ខ្សោយ ក្នុងការជ្រើសផ្លូវរបស់ខ្លួន សម្រាប់ធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ ក្នុងចក្ខុវិស័យនៃពិភពលោកមួយ ប្រកបដោយពហុប៉ូល។
តាមរយៈបណ្តាញសង្គមតេឡេក្រាម ឯកឧត្តម សុខ ឥសាន បានលើកឡើងថា៖ នៅក្នុងជីវភាពសង្គម កូនក្មេង មិនដែលទៅ រករឿងមនុស្សធំ មនុស្សចាស់ទេ ។ ប៉ុន្តែ បើមានមនុស្សធំ ប្ញមនុស្សចាស់ ទៅធ្វើបាប ប្ញរករឿងយាយី កូនក្មេងនោះ ច្បាស់ជារត់ ទៅរកមនុស្សធំ មនុស្សចាស់ដទៃទៀត ជួយឬទទួលយក ការជួយគាំពារ ពីមនុស្សចាស់ផ្សេងទៀត ជាមិនខាន ។
យ៉ាងណាម៉ិញ ប្រទេសកម្ពុជា ជាប្រទេសតូច ទន់ខ្សោយ មានគោលនយោបាយ ចង់រួមរស់ ដោយសន្តិភាព មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ ជាមួយប្រទេសទាំងអស់ លើពិភពលោក ដោយមិនប្រកាន់ធំ តូច ពណ៌សម្បុរ ជាតិសាសន៏ និងនិន្នាការ នយោបាយ មនោគមន៍វិជ្ជាឡើយ ។
ប៉ុន្តែ បើក្នុងករណីមានការយាយី ធ្វើទុក្ខបុកម្នេញ ពីប្រទេសធំណាមួយ ប្ញក្រុមប្រទេសណា ច្បាស់ជាកម្ពុជា មិនអាចឈរឱបដៃ ឲ្យគេធ្វើបាបនោះទេ ។ កម្ពុជា គ្មានជម្រើសអ្វី ក្រៅពីងាកទៅរកប្រទេសធំ និងខ្លាំងណាមួយ ប្ញ ពីរ ឲ្យជួយខ្លួនឲ្យបានរួចផុតពី គ្រោះអន្តរាយ ជាមិនខាន ឬក៏ទទួលយក ការជួយឧបត្ថម្ភគាំទ្រ ពីប្រទេសធំ មហាអំណាចណាមួយ ដែលស្រឡាញ់យុត្តិធម៌ ជាមិនខានឡើយ ដើម្បីសេចក្តីសុខ សន្តិភាព ស្ថិរភាពនយោបាយ និងសុវត្ថិភាពរបស់ខ្លួន ។
នេះជាលក្ខណៈសត្យានុម័ត នៃជម្រើសរបស់ប្រទេសតូច និងទន់ខ្សោយ ដែលមិនអាចខ្វះបាន នៅលើលោក ពហុប៉ូលនេះ៕