ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត៖ សូម​រិះគន់​ឲ្យ​មាន​តម្លាភាព តែ​សូម​កុំ​ជាន់​ឈ្លី​បង្អាប់​ជាតិ


ភ្នំពេញ៖ ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ថា “​ជា​អ្នក នយោបាយ​ណា និន្នាការ​ណា មិន​សំខាន់​ទេ សំខាន់​គឺ​យើង​ជា​ខ្មែរ​។ សូម​រិះគន់​អោយ​មាន​តម្លាភាព ចំណុច​អវិជ្ជមាន យើង​ត្រូវ​ទទួលស្គាល់ តែ​សូម​កុំ​ជាន់​ឈ្លី​បង្អាប់​ជាតិ​យើង​។ យើង​ត្រូវ​មាន​មោទនភាព​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជាតិ​ខ្មែរ​ បើ​ខ្មែរ​មិន​លើកមុខ​មាត់​ខ្មែរ តើ​អ្នកណា​លើកមុខ​អោយ​យើង​?”​។​

​ការ​លើក​ឡើង​បែបនេះ ​របស់​ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត ​​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ថ្នាក់​វេជ្ជបណ្ឌិត ទន្ត​បណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​អន្តរជាតិ​(IU) កាលពី​ព្រឹក​ថ្ងៃទី​០២ ខែមេសា ឆ្នាំ​២០១៨​។​

​ឯកឧត្ដម​បន្ត​ថា “​អ្នក​អាច​ស្អប់​រាជរដ្ឋាភិបាល មិន​ទទួលស្គាល់ ដោយសារ​កត្តា​នយោបាយ តែ​កុំ​វាយ​ប្រហារ​ប្រជាពលរដ្ឋ​យើង កុំ​មើលងាយ​គ្រូបង្រៀន និង​គ្រូពេទ្យ​ខ្មែរ​យើង វា​អយុត្តិធម៌​ណាស់​សម្រាប់​ពួកគាត់ ហើយ​សូម​ចាំ​ថា ប្រទេស​យើង​ដើរមក​ដល់​ពេលនេះ​បាន​គឺ​ដោយសារ​ពួកគាត់​“​។

គួរ​បញ្ជាក់​ថា រាជរដ្ឋាភិបាលសព្វថ្ងៃ ​បាននិងកំពុង​យកចិត្តទុកដាក់​បំផុត​លើ​វិស័យ​ធំ​ៗ​ចំនួន​ពីរ ទី​១​គឺ​វិស័យ​អប់រំ និង​ទី​២​វិស័យ​សុខាភិបាល ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ​រដ្ឋាភិបាល​បាន​ជួយ​ប្រជាពលរដ្ឋ​តាមរយៈ​ការ​បង្កើត​មូលនិធិ​សមធម៌​ដល់​មន្ត្រីរាជការ បងប្អូន​កម្មករ​កម្ម​ការិនី ដែល​នេះ​ជា​តម្រូវការ​ជាក់​ស្តែងរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​។​

ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត បា​នលើក​ឡើង​ថា​ មិនមែន​ជាង​រឿង​ងាយស្រួល​ទេ​ដែល​កែប្រែ​គំនិត​អោយ​ទៅជា​សកម្មភាព ហើយ​កសាង​អោយ​មាន​និរន្តរភាព និង​កាន់​តែ​មាន​គុណភាព​។ កសាង​មនុស្ស​គឺជា​ការ​កសាង​ធនធាន​មួយ​ដើម្បី​បង្កើត និង​ពង្រីក​សក្ដានុពល​ហើយ​រីកចម្រើន​ជាប់​ជាប្រចាំ កសាង​ធនធានមនុស្ស​លើ​វិស័យ​សុខាភិបាល ​គឺ​បណ្ដុះបណ្ដាល​ធនធាន​អោយ​ក្លាយទៅជា​គ្រូពេទ្យ​ដើម្បី​ព្យាបាល​មនុស្ស ដែល​ទាមទារ​អោយ​មាន​ភាព​ច្បាស់លាស់ និង​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​។ ដូចនេះ​ការ​បណ្តុះបណ្តាល គឺ​ត្រូវ​តែមាន​គុណភាព​។​

​ប្រទេស​មួយ​រីកចម្រើន​បាន​ដោយសារ​ធនធាន មនុស្ស ដែល​ត្រូវ​គិត​ទាំង​បរិមាណ និង​គុណភាព ក្នុងនោះ​យើង​ត្រូវមាន​ធនធានមនុស្ស​ដែល​មាន​ចំនេះដឹង មាន​សមត្ថភាព ផ្សារភ្ជាប់​ជាមួយ​គុណធម៌ សីលធម៌ ហើយ​មិន​អាច​ខ្វះ​បាន​នោះ​គឺ​សុខភាព​ផង​ដែរ​។

កំណើន​ប្រជាជន​កម្ពុជា​ក្រោយ​សម័យ​ខ្មែរក្រហម​បាន​កើន​ពី​៥​លាន​នាក់​មកដល់​១៦​លាន​នាក់​។ ក្រោយ​ឆ្នាំ​១៩៧៩ អាយុកាល​រស់​នៃ​របស់​ពលរដ្ឋ​ខ្មែរ​ជា​មធ្យម​២៤​ឆ្នាំ មកដល់​ឆ្នាំ​២០១៣ យើង​កើ​ដល់​៦៨​ឆ្នាំ និង​កើន​ដល់​អាយុ​៧០​ឆ្នាំ នេះ​បាន​ន័យ​ថា ​កំរិត​ជីវភាព សុខភាព ប្រព័ន្ធ​សុខាភិបាល​របស់​យើង​មានការ​រីកចម្រើន​៕

 32176