ឯកឧត្តម សុខ ឥសានបានលើកឡើង ពីនេះពីនោះចំនួន៤ចំណុច ស្ដីពីកម្ពុជា


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៥ខែមេសានេះបានលើកឡើង ពីនេះពីនោះចំនួន៤ចំណុច ស្ដីពីកម្ពុជា ក្នុងនោះមានដូចជាការបោះឆ្នោត និងជំហររបស់រដ្ឋាភិបាលជប៉ុន ក្នុងការបន្តជួយជ្រោមជ្រែង ដំណើការបោះឆ្នោត នៅកម្ពុជាជាដើម។

ឯកឧត្តម សុខ ឥសាន បានលើកបង្ហាញតាម រយៈបណ្ដាញទំនាក់ទំនង តេឡេក្រាមថាចំណុចទី១-  ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាន់តែខិតជិតមកដល់ ។ គ.ជ.ប ក៏បានប្រកាសកាលបរិច្ឆេទ ទទួលពាក្យគណបក្សនយោបាយ និងបញ្ជីបេក្ខជនប្រកួតប្រជែង បោះឆ្នោតព្រមទាំងប្រកាស ឲ្យអ្នកសង្កេតការណ៏បោះឆ្នោត មកដាក់ពាក្យសុំចុះឈ្មោះនៅគ.ជ.បដែរ។ គណបក្សនយោបាយមួយចំនួន កំពុងមមាញឹករៀបចំលក្ខណៈសម្បត្តិ ដាក់បេក្ខភាពប្រកួតប្រជែង ការបោះឆ្នោត ។

ខ្មោចអតីតបក្សប្រឆាំង បាននិងកំពុងឆ្លេឆ្លារត់ទៅលិចទៅកើត ដើម្បីរកអន្តរាគមន៏ ឲ្យមានការជួបចរចាជាមួយ គណបក្សកាន់អំណាច ក្រែងលោបានមានដង្ហើមឡើងវិញ ចូលរួមការបោះឆ្នោត។ ប៉ុន្តែការខិតខំនេះ មិនមានសង្ឃឹមសោះឡើយ។ចំណែកអង្គការសង្គមស៊ីវិល មួយចំនួនក៏កំពុងជ្រួលជ្រើមណាស់ដែរ ក្នុងការសម្រេចចិត្ត ចូលរួមសង្កេតការណ៏បោះឆ្នោត ?បើចុះឈ្មោះជាអ្នកសង្កេតការណ៏ ហាក់ដូចជាផ្ទុយពីទិសដៅ មិនចង់ឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ។បើមិនចុះឈ្មោះ អត់ការងារធ្វើ ខ្លាចបាត់ប្រាក់ជំនួយ គ្មានប្រាក់ខែចាយ ? ដូច្នេះហើយបានជានៅអល់អែកក្នុងចិត្ត ខ្លាំងណាស់ ។

ឯកឧត្តម សុខ ឥសានបានលើកឡើង បន្ថែមថាចំណុចទី ២- យោងតាមបណ្តឹង របស់ក្រសួងមហាផ្ទៃ តុលាការបានចាត់នីតិវិធីកោះហៅ ជនសង្ស័យ៦នាក់មកសាកសួរ ពីបទធ្វើសកម្មភាព ឧទ្ទាមនិយមក្រៅច្បាប់ ញុះញង់ឲ្យប្រជាជន ក្នុងប្រទេសបះបោរប្រឆាំង នឹងរាជរដ្ឋាភិបាលស្របច្បាប់ ឲ្យកងទ័ពងើបបែរចុងកាំភ្លើង ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា។ ទោះវាគ្មានប្រសិទ្ធភាព តែក៏ជាសកម្មភាព មានចេតនាអាក្រក់ ចំពោះជាតិមាតុភូមិកម្ពុជាដែរ ដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ តែទោះយ៉ាងណា មិនសង្ឃឹមថាពួកឧទ្ទាមក្រៅច្បាប់នេះ ក្លាហានមកបង្ហាញមុខនៅតុលាការទេ  ។

ចំណុចទី៣- តិរច្ឆាន ហុង លីម លែងក្លាហាន ដូចមុនទៀតហើយ បាក់ធ្មុងហើយបន្ទាប់ពីតំណាងរាស្ត្រស្រី អូស្ត្រាលី ម្នាក់ដៀលត្មេះងើបមុខលែងរួច ។ឥឡូវ ស្ងាត់មាត់ ដូចចោរលួចសេះ ។ នេះបានចំជាចរិតតិរច្ឆានមែន បើមិនទាន់ត្រូវថ្នាំខ្លាំងអូស្ត្រាលី មិនស្ងប់ទេ ទាល់តែយ៉ាងនេះ ទើបលែងភ្លើ។

ចំណុចទី ៤- កូនស្រី កឹម សុខា នៅក្មេងខ្ចីណាស់ ស្គាល់ជប៉ុនមិនច្បាស់ទេ ហើយចង់ទៅបញ្ជាជប៉ុនឲ្យធ្វើតាមខ្លួនទាំងងងើល មិនដឹងខ្យល់ នឹកថាគេធ្វើតាមខ្លួន ។ គួរចង់ឲ្យអស់សំណើចណាស់ រឿងបុគ្គលក្បត់ជាតិឯងសោះ ខំរត់ទៅសំឡុតគេដទៃឲ្យតម្រូវចិត្តខ្លួន ? ពិតជាមិនដឹងខ្យល់មែន ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា”ជំហរជប៉ុន គោរពឯករាជ្យ អធិបតេយ្យភាពកម្ពុជា មិនលូកដៃជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា បន្តផ្តល់ជំនួយឲ្យកម្ពុជា និងឲ្យ គ.ជ.ប ដើម្បីការបោះឆ្នោតនៅកម្ពុជា សេរី ត្រឹមត្រូវ និង យុត្តិធ៌ម ស្របតាមបំណងប្រាថ្នា របស់ប្រជាជនកម្ពុជា មិនមែនស្របតាមចិត្តចង់ របស់ពួកប្រឆាំងនោះទេ”៕