សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីឡាវ


នៅល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ថ្ងៃដដែលនេះដែរបន្ទាប់ពីជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាមរួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបពិភាក្សាការងារជាមួយ ឯកឧត្ដម Thongloun Sisoulith នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅសណ្ឋារគារសុខា ខេត្តសៀមរាប។

នៅក្នុងជំនួបនេះ​ ឯកឧត្ដម Thongloun Sisoulith បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និងឡាវ ក៏ប៉ុន្តែឯកឧត្ដម ក៏បានកត់សម្គាល់ឃើញថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវមានត្រឹមតែ២០លានដុល្លារប៉ុណ្ណោះ ហើយក៏កំពុងមានការថយចុះផងដែរ។ ក្នុងន័យនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រី បានគោរពស្នើសុំសម្ដេចតេជោ ធ្វើយ៉ាងណាជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរឲ្យមានវិសាលភាពកាន់តែធំឡើង រួមទាំងវិស័យទេសចរណ៍ និងការវិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានយល់ស្របជាមួយនឹងអ្វីដែលជាការលើកឡើង របស់ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវ ហើយសម្ដេចតេជោ ក៏បានមានប្រសាសន៍ថា យើងត្រូវពង្រីកទំហំពាណិជ្ជកម្មប្រទសទាំងពីរ​ តាមរយៈការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន អោយមានការវិនិយោគកាន់តែច្រើនឡើងនៅក្នុងប្រទេសទាំងពីរ។

សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា យើងនៅមានសក្តានុពលជាច្រើន ក្នុងការជំរុញកំណើនពាណិជ្ជកម្មនេះ ជាពិសេសនៅក្នុងវិស័យទេសចរណ៍ ហើយកម្ពុជានឹងពិនិត្យមើលលទ្ធភាពក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីឲ្យមានការហោះហើរត្រង់ ទៅកាន់ទីក្រុងវៀងច័ន្ទ និងទីក្រុងហ្លួងប្រាក់បាង។ លើសពីនោះទៅទៀត សម្តេចតេជោក៏បានលើកនូវគំនិតផ្តួចផ្តើម ឲ្យមានការសិក្សាអំពីការមិនយកពន្ធត្រួតគ្នា ដូចដែរកម្ពុជាបានចុះហត្ថលេខាជាមួយវៀតណាមកន្លងមកផងដែរ។

លើសពីនេះទៅទៀត សម្ដេចតេជោ​ នាយករដ្ឋមន្ត្រី​ ក៏បានស្នើសុំឲ្យភាគីឡាវ ពិនិត្យមើលការតភ្ជាប់បណ្តាញអគ្គីសនី ដើម្បីតភ្ជាប់ពីឡាវមកកាន់កម្ពុជា ដែលនេះគឺជាចំណុចដែលសម្តេចយល់ឃើញថាអាចជំរុញពាណិជ្ជកម្ម ការវិនិយោគ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការកើនឡើង និងជិតស្និទថែមទៀត៕

 32363

 32366

 32364

 32361

 32362

 32359

 32360