ភ្នំពេញ ៖ លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងឲ្យដឹងថា នៅក្នុងឆ្នាំ២០១៨នេះ ក្រសួងមានគម្រោងជួសជុលស្ពាន និងប្រាសាទបូរាណជាច្រើន ដោយចំណាយថវិកាអស់រាបសិបម៉ឺនដុល្លារអាមេរិក ដែលថវិកាទាំងនេះគឺជាថវិកាជាតិ និងថវិកាមូលនិធិអង្គរ។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយប្រគល់សម្ភារៈ និងថវិកាមួយចំនួនដល់នាយកដ្ឋាន ការពារបេតិកភណ្ឌ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨នេះ លោក ប្រាក់ វណ្ណារ៉ា បានឲ្យដឹងថា គម្រោងជួសជុល និងសាងសង់នូវស្ពាន និងប្រាសាទបូរាណនេះ ខ្លះមានរួចជាស្ថាពរហើយ និងខ្លះទៀតកំពុងចាប់ផ្តើម។
បើតាមលោក ប្រាក់ សុវណ្ណារ៉ា ដដែលបានបន្តទៀតថា ប្រាសាទនិងស្ពានបូរាណដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានគម្រោងជួសជុលឡើងវិញនេះ គឺដើម្បីលើកស្ទួយ និងអភិរក្សសម្រាប់ទុកឲ្យក្មេងៗ ជំនាន់ក្រោយបានឃើញនិងស្គាល់ឡើងវិញបើទោះបីជាការជួសជុលមិនបានដូចដើមក៏ដោយនោះ។
ទាក់ទងនឹងប្រសាទបូរាណនេះនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការគ្នាជាមួយ និងនគរបាលការពារបេតិកភណ្ឌ និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតនឹងបង្កើនកម្លាំងជាច្រើន សម្រាប់ការពារនៅតាមប្រាសាទមួយចំនួនជាពិសេសគឺប្រាសាទអង្គរវត្ត ប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះវិហារ និងប្រាសាទបូរាណខ្មែរជាច្រើនទៀតដើម្បីធានានូវសុវត្ថិភាពទាំងភ្ញៀវជាតិ និងអន្តរជាតិខណៈពួកគេទៅទស្សនានោះ៕