ក្រសួង​វប្បធម៌​មាន​គម្រោង​ជួសជុល​ស្ពាន​ និង​ប្រាសាទ​បូរាណ​ជាច្រើន​នៅ​ឆ្នាំ​២០១៨​នេះ

32419

ភ្នំពេញ ៖ ​លោក ប្រាក់ សុវណ្ណារ៉ា អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​ នៃ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​បាន​ថ្លែង​ឲ្យ​ដឹងថា ​នៅក្នុង​ឆ្នាំ​២០១៨​នេះ ក្រសួង​មាន​គម្រោង​ជួសជុល​ស្ពាន​ និង​ប្រាសាទ​បូរាណ​ជាច្រើន​ ដោយ​ចំណាយ​ថវិកា​អស់​រាប​សិប​ម៉ឺន​ដុល្លារ​អាមេរិក ​ដែល​ថវិកា​ទាំងនេះ​គឺជា​ថវិកាជាតិ និង​ថវិកា​មូលនិធិ​អង្គរ​។

ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​ប្រគល់​សម្ភារៈ និង​ថវិកា​មួយ​ចំនួន​ដល់​នាយកដ្ឋាន​ ការពារ​បេតិកភណ្ឌ​ នា​ថ្ងៃទី​៥ ខែមេសា​ ឆ្នាំ​២០១៨​នេះ លោក ប្រាក់ វណ្ណា​រ៉ា ​បាន​ឲ្យ​ដឹងថា ​គម្រោង​ជួសជុល​ និង​សាងសង់​នូវ​ស្ពាន ​និង​ប្រាសាទ​បូរាណ​នេះ​ ខ្លះ​មាន​រួច​ជា​ស្ថាពរ​ហើយ​ និង​ខ្លះទៀត​កំពុង​ចាប់ផ្តើម​។

បើតាម​លោក ប្រាក់ សុវណ្ណារ៉ា ដដែល​បាន​បន្តទៀតថា ​ប្រាសាទ​និង​ស្ពាន​បូរាណ​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​មាន​គម្រោង​ជួសជុល​ឡើងវិញ​នេះ​ គឺ​ដើម្បី​លើកស្ទួយ​ និង​អភិរក្ស​សម្រាប់​ទុក​ឲ្យ​ក្មេងៗ ​ជំនាន់​ក្រោយ​បាន​ឃើញ​និង​ស្គាល់​ឡើងវិញ​បើ​ទោះបី​ជា​ការ​ជួសជុល​មិនបាន​ដូចដើម​ក៏ដោយ​នោះ​។

ទាក់ទង​នឹង​ប្រសាទ​បូរាណ​នេះ​នៅ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ សហការ​គ្នាជាមួយ ​និង​នគរបាល​ការពារ​បេតិកភណ្ឌ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន​ទៀត​នឹង​បង្កើន​កម្លាំង​ជាច្រើន ​សម្រាប់​ការពារ​នៅ​តាម​ប្រាសាទ​មួយ​ចំនួន​ជាពិសេស​គឺ​ប្រាសាទអង្គរវត្ត ប្រាសាទ​សំបូរព្រៃគុក ​ប្រាសាទព្រះវិហារ​ និង​ប្រាសាទ​បូរាណ​ខ្មែរ​ជាច្រើន​ទៀត​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ទាំង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​ខណៈ​ពួកគេ​ទៅ​ទស្សនា​នោះ​៕

 32419