កម្ពុជា ស្នើតួកគីបង្កើតរោងចក្រកែច្នៃ កសិឧស្សាហកម្ម នៅកម្ពុជា ខណៈតួកគី សន្យាកៀងគរវិនិយោគិន ឲ្យចូលមកបណ្តាក់ទុនថែមទៀត

32673

ភ្នំពេញ៖ លោក ប៉ាន សូរស័ក្ដិ រដ្ឋមមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យតួកគីពិចារណាបង្កើតរោងចក្រកែច្នៃ កសិឧស្សាហកម្ម (Processing) នៅកម្ពុជា ខណៈលោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូតតួកគីថ្មី ប្រចាំកម្ពុជា បានសន្យាកៀងគរវិនិយោគិន ឲ្យចូលមកបណ្តាក់ទុន ថែមទៀតនៅកម្ពុជា ។

យោងតាមបណ្ដាញទំនាក់ទំនង សង្គហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោកស្រី Ayda UNLU ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកចំណងមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ។

ក្នុងឱកាសនោះលោករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោកស្រីឯកអគ្គរដ្ឋទូតមកកម្ពុជា និងបានគាំទ្រយ៉ាងពេញទំហឹង ពីបំណងរបស់តួកគី ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយបានចាត់ទុកតួគី ជាដៃគូសហប្រតិបត្តិការ ដ៏ល្អមួយរបស់កម្ពុជា ទាំងក្នុងវស័យវប្បធម៌ សង្គមកិច្ច និងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រី បញ្ជាក់ថា “ខ្ញុំសូមសំណូមពរឲ្យ មានការទាក់ទាញ បន្ថែមនូវពាណិជ្ជករ និងវិនិយោគិនតួកគី មកបណ្តាក់ទុនថែមទៀត លើវិស័យអាទិភាពរបស់កម្ពុជា ដូចជា៖ កសិកម្ម (គ្រាប់ស្វាយចន្ទី ផ្លែឈើ និងកៅស៊ូ) ទេសចរណ៍ (កម្មន្តសាល និងការហោះហើរត្រង់) និងជាពិសេសពិចារណាបង្កើត រោងចក្រកែច្នៃកសិឧស្សាហកម្ម (Processing) នៅកម្ពុជា ដើម្បីជួយបង្កើតតម្លៃបន្ថែម ការធ្វើពិពិធកម្មការងារ និងការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ”។

ទន្ទឹមគ្នានោះដែរលោកស្រី ឯកអគ្គរដ្ឋទូតតួកគីថ្មី បានគូសបញ្ជាក់ថា “ខ្ញុំសន្យានឹងធ្វើការកៀងគរ វិនិយោគិនតួកគី ឲ្យចូលមកបណ្តាក់ទុន ថែមទៀតនៅកម្ពុជា តាមរយៈការបង្កើតភាពជាដៃគូ ល្អរវាងរដ្ឋាភិបាល និងវិស័យឯកជន ការរឹតចំណងកិច្ចសហប្រតិបត្តិការ និងការបង្កើតឱ្យមានកិច្ចព្រមព្រៀង ព្រមទាំងអនុស្សរណៈយោគយល់គ្នាផ្សេងៗ” ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្រី ក៏បានជម្រាបថា ភាគីតួកគីនឹងពិនិត្យ លទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលរៀបចំកិច្ចប្រជុំលើកទី២ សម្រាប់គណៈកម្មាធិការសេដ្ឋកិច្ចចម្រុះ រវាងកម្ពុជា និងតួកគី និងកិច្ចប្រជុំពាក់ព័ន្ធ នៅសាធារណរដ្ឋតួកគី នាពេលសមស្របខាងមុ ៕

 32673