ជំនួបរវាង រដ្ឋមន្រ្តីការបរទេសជប៉ុន ជាមួយសម្តេចតេជោ ហ៊ុន សែន មិនមានលើកឡើងអំពីបញ្ហានយោបាយទេ

32762

(ភ្នំពេញ)៖ នៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយលោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុន នៅវេលាថ្ងៃត្រង់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨នេះ មិនបានលើកឡើងអំពីបញ្ហានយោបាយនោះឡើយ ប៉ុន្តែភាគទាំងពីរផ្តោតលើការពង្រឹកកិច្ចសហប្រតិបត្តិការបន្ថែម រួមទាំងការបង្ហាញជំហររបស់ជប៉ុន ក្នុងការជួយដល់កម្ពុជាផងដែរ។

បើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួប នៅវិមានសន្តិភាពនេះ បានឱ្យដឹងថា នៅក្នុងជំនួបនោះ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុនថ្មី បានលើកឡើងតែបញ្ហាកិច្ចសហប្រតិបត្តិការ និងជំហរក្នុងការជួយដល់កម្ពុជាប៉ុណ្ណោះ។ ជប៉ុនបានបង្ហាញអំពីគោលបំណងរបស់ជប៉ុន ដែលត្រូវធ្វើយ៉ាងណាជួយដល់ប្រទេសកម្ពុជា ឱ្យក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបានបន្តទៀតថា រដ្ឋមន្រ្តីការបរទេសនៃប្រទេសជប៉ុនថ្មី បានលើកឡើងទៀតថា ជប៉ុនមានចំណាប់អារម្មណ៍ជួយដល់កម្ពុជា នូវវិស័យឡូជីស្ទីក ដែលរួមមានការគ្រប់គ្រងកំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍធនធានមនុស្ស។ ជប៉ុន ក៏នឹងជួយកម្ពុជា លើវិស័យបណ្តាញអគ្គីសនី នៅក្នុងទីក្រុង ក៏ដូចជាកប៉ាល់ រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្រោមឆ័ត្រអង្គការសហប្រជាជាតិផងដែរ។

លោករដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ថែមទាំងបានសន្យាថា ក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេសរបស់ជប៉ុន លោកនឹងបន្តយកចិត្តទុកដាក់ ក្នុងការជួយដល់កម្ពុជាឱ្យខ្លាំងក្លាបន្ថែមទៀត។ ជាមួយគ្នានេះ លោកក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ ដែលនឹងធ្វើឡើងនៅរដូវស្លឹកឈើជ្រុះ នាពេលខាងមុខនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណដល់ លោក តារ៉ូ កូណូ (Taro Kono) រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់ប្រទេសកម្ពុជា។ សម្តេចក៏បានស្វាគមន៍ចំពោះភាគីជប៉ុន ដែលបានអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំជប៉ុន-មេគង្គ នាពេលខាងមុខផងដែរ។

 32761

 32760

 32759

 32757

 32763

 32758