ខេត្តពោធិ៍សាត់ តុបតែងលម្អភ្លើងតាមដងផ្លូវ ដើម្បីអបអរសាទរ និងទទួលភ្ញៀវទេសចរ ចូលមកកម្សាន្ត ឱកាសបុណ្យចូលឆ្នាំថ្មី

33024

(ពោធិ៍សាត់)៖ ដើម្បីឲ្យក្រុងពោធិ៍សាត់ កាន់តែមានសោភ័ណភាព រីកស្រស់បំព្រងមួយកម្រិតថែមទៀតនោះ រដ្ឋបាលសាលាខេត្ត ក្រោមការដឹកនាំរបស់លោកអភិបាល លោក ម៉ៅ ធនិន បានសហការជាមួយក្រុមបច្ចេកទេសភ្លើង នៃក្រុមហ៊ុន ណារ៉េត អគ្គិសនី រៀបចំតុបតែងកែលម្អភ្លើងតាមដើមឈើ និងតាមប៉ាណូកាត់ទទឹងផ្លូវ នៅផ្លូវជាតិលេខ១០១ ចាប់ពីស្ពានថ្មផ្លូវលេខ៥ រហូតដល់ចុងកោះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ និងដើម្បីកាត់បន្ថយការកកស្ទះ រួមទាំង គ្រោះថ្នាក់ចរាចរ នៅពេលរាត្រី។

ផ្លូវសំខាន់ៗមួយចំនួន ជាពិសេសផ្លូវលេខ១០១ និងផ្លូវជាតិលេខ៥ នៅក្នុងក្រុងពោធិ៍សាត់ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខេត្ត រៀបចំតុងតែងជាអំពូលភ្លើង នៅតាមដើមឈើ និងតាមបង្គោលប៉ាណូកាត់ទទឹងផ្លូវ ដែលធ្វើឲ្យក្រុងពោធិ៍សាត់ បង្ហាញសម្រស់យ៉ាងស្រស់ត្រកាល នៅពេលរាត្រី។ សម្រាប់ស្ពានថ្មថ្មីកាត់ស្ទឹងពោធិ៍សាត់ និងកោះសំពៅមាស ក្រុមការងារក៏បានតុបតែងជាទីទាក់ទាញ។ ក្រោមការដឹកនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្ត បានធ្វើឲ្យខេត្តពោធិ៍សាត់ប្រែមុខប្រែមាត់ និងមានការអភិវឌ្ឍកើនឡើងជាលំដាប់ ជាស្តែងនាពេលថ្មីៗនេះ សមិទ្ធផលថ្មីមួយទៀត ដែលមិនធ្លាប់មានពីមុនមក គឺភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) បានដំឡើងរួចរាល់នៅផ្លូវបែកជា៤ ទល់មុខស្ពានថ្មថ្មី ផ្លូវលេខ១០១ ហើយជាច្រើនកន្លែងទៀត កំពុងដំឡើងជាបន្តបន្ទាប់។

មន្ត្រីជាន់ខ្ពស់រដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការទន្ទឹងរងចាំ របស់ប្រជាពលរដ្ឋ ពីការប្រែមុខមាត់ថ្មី ពីស្ពានក្បាលហុង ចាស់ទ្រុឌទ្រោម ទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត ចំកណ្តាលក្រុងពោធិ៍សាត់ និងសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ ទៅដល់បងប្អូនប្រជាកសិករនោះ នៅពេលនេះសំណង់បង្ហៀរក្បាលហុង ស្ថាបនាបានប្រមាណជាង៧០%ហើយ។

នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលនឹងខិតជិតមកដល់ នាពេលខាងមុខ សង្ឃឹមថា សំណង់បង្ហៀរក្បាលហុង នឹងទទួលភ្ញៀវទេសចរណ៍ចូលមកកម្សាន្តយ៉ាងច្រើនកុះករ។
គួរបញ្ជាក់ថា សំណង់ទ្វាទឹកក្បាលហុង គឺជាសំណង់ចាស់ទ្រុឌទ្រោម ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ដែលត្រូវទាមទារធ្វើការជួយជុលឡើងវិញ ទៅជាទំនប់បង្ហៀរ នៅលើទីតាំងចាស់ ដែលមានប្រវែង៩៤ម៉ែត្រ បាតក្រោម៩ម៉ែត្រ ខ្នងលើ៤ម៉ែត្រ មានកម្ពស់១,៣ម៉ែត្រ និងមានទ្វាទឹក២សង្ខាង ហើយក្នុងនោះ មានលទ្ធភាពស្រោចស្រព ទៅលើផ្ទៃដីស្រែ និងដំណាំរួមផ្សំ ចំនួន៣ពាន់ហិកតា សម្រាប់បម្រើផលប្រយោជន៍ប្រជាជនក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង និងបានជួយសម្អាតបរិស្ថាននៅតាមដងស្ទឹង ក្នុងក្រុងពោធិ៍សាត់ ព្រមទាំងបានជួយបង្កើតនូវលំហូរភ្ញៀវទេសចរណ៍ ចូលមកទស្សនាក្នុងខេត្តពោធិ៍សាត់ផងដែរ៕

 33024

 33022

 33023

 33026

 33027

 

 33028

 33029

 33025