ឯកឧត្តម សុខ ឥសាន បានថ្លែងថាប្រជាជនកម្ពុជា រួមទាំងអ្នកនយោបាយផង អ្នកណាក៏ចង់បាន ការស្រុះស្រួលជាតិដែរ


ភ្នំពេញ៖អ្នកនាំពាក្យ គណបក្សកាន់អំណាចឯកឧត្តម សុខ ឥសាន បានថ្លែងថាប្រជាជនកម្ពុជា រួមទាំងអ្នកនយោបាយផង អ្នកណាក៏ចង់បាន ការស្រុះស្រួលជាតិដែរ ដើម្បីមានភាពសុខដុមនីយកម្ម នៅក្នុងសង្គមជាតិ ជៀសវាងមានការបែកបាក់ជាតិ នាំឲ្យកម្លាំងសាមគ្គីជាតិចុះខ្សោយ នាំឲ្យជាតិសាសន៍ដទៃមាក់ងាយ ក៏ប៉ុន្តែការស្រុះស្រួលជាតិ ទាមទារឲ្យមានអ្វីមួយជាគោលបង្អែក ដើម្បីធានាយុត្តិធ៌មសង្គម និងមាននិរន្តរភាពយូរអង្វែង ។

សុខ ឥសាន បានថ្លែងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ថា គោលបង្អែកនេះ គឺយកច្បាប់ជាឯកឧត្តមមូលដ្ឋាន ។ អ្នកប្រព្រឹត្តល្មើសច្បាប់ យកមករួបរួមស្រុះស្រួលម្តេចបានទៅ  ?  បើយកអ្នកល្មើសច្បាប់ មកធ្វើការស្រុះស្រួលជាតិ ដោយមិនគិតខុសត្រូវ សង្គមកម្ពុជា នឹងក្លាយជាសង្គមអនាធិបតេយ្យ គ្មានសណ្តាប់ធ្នាប់ របៀបរៀបរយ ទៅជាសង្គមច្របូកច្របល់ ក្រឡាប់ចាក់ជាមិនខាន ។

ឯកឧត្តមថា បញ្ហានេះ នៅប្រទេសណាក៏ផ្អែក លើច្បាប់នេះដែរជាគោល នោះទើបជាសង្គមនីតិរដ្ឋ ។ មាននីតិរដ្ឋ មានវិន័យ មានសណ្តាប់ធ្នាប់ របៀបរៀបរយ ដែលនាំដល់មានសង្គមមួយធានាសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយល្អ ។

អ្នកនាំពាក្យ បក្សកាន់អំណាចបញ្ជាក់ថា “ដូច្នេះចង់បានការស្រុះស្រួលជាតិ គប្បីនាំគ្នាគោរពច្បាប់ អនុវត្តច្បាប់ កុំរំលោភច្បាប់ គោរពគ្នាទៅវិញទៅមក មានសុជីវធម៌ក្នុងការរស់នៅក្នុងសង្គម ។ ហេតុនេះ ការស្រុះស្រួលជាតិ ត្រូវផ្អែកលើគោលការណ៍នីតិរដ្ឋ មិនអាចស្រុះស្រួល ជាមួយឧក្រិដ្ឋជន ឬជនក្បត់ជាតិ ឬក៏ជាជនល្មើសច្បាប់ ដោយប្រការណាមួយនោះទេ” ៕