ឯកឧត្តម សុខ ឥសាន បានលើកឡើង ថា ការមានទោស ឬមិនមានទោស មិនមែនអាស្រ័យ លើការយោគយល់គ្នានោះទេ តែគឺជា រឿងផ្លូវច្បាប់


ភ្នំពេញ៖ អ្នកនាំពាក្យ គណបក្ស ប្រជាជនកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន  បានលើកឡើង ថា ការមានទោស ឬមិនមានទោស មិនមែនអាស្រ័យ លើការយោគយល់គ្នានោះទេ តែគឺជា រឿងផ្លូវច្បាប់។

ការលើកឡើង របស់ឯកឧត្តម សុខ ឥសាន បែបនេះ បានធ្វើឡើងបន្ទាប់ពីអតីត មន្រ្តីអតីត គណបក្សសង្គ្រោះជាតិ (CNRP) លោក ម៉ៅ មុន្នីវណ្ណបានលើកឡើងថា អតីតសមាជិក គណបក្ស សង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារ ព្រៃស បានស្នើសុំរាជរដ្ឋាភិបាល ពិចារណា លើកលែងទោស ដើម្បីឲ្យពួកគាត់បានទៅជួបជុំ គ្រួសារក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរ ខាងមុខនេះ ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងតាមរយៈបណ្ដាញ ទំនាក់ទំនងតេឡេក្រាម នៅរសៀលថ្ងៃទី៥ មេសានេះថា ការដែលមន្ត្រីអតីតៈបក្សប្រឆាំងមួយចំនួន ត្រូវបានតុលាការកាត់ទោសឲ្យ ជាប់ ពន្ធនាគារ គឺអាស្រ័យលើពិរុទ្ធភាព នៃអំពើល្មើសច្បាប់​របស់ខ្លួនម្នាក់ ស្របតាមករណីនីមួយៗ ។ នេះគឺជាការអនុវត្តច្បាប់ ដែលហៅថានីតិរដ្ឋនោះ។

ឯកឧត្តមបន្តថា ដើម្បីធានាសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាពសង្គម ទាមទារការ អនុវត្តតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ បើអនុវត្តតាមនីតិរដ្ឋ ជនណា ល្មើសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ តាមទោសកំហុសដោយខ្លួនឯង ។ ក្នុងការទទួលទោស ជាប់ពន្ធនាគារ មានបទបញ្ជាផ្ទៃក្នុងពន្ធនាគារ។

ឯកឧត្តម បន្ថែមទៀតថា បើទណ្ឌិតណាបានកែប្រែកំហុសរបស់ខ្លួន មកជាមនុស្សដឹងខុសត្រូវ ហើយ ហើយបានទទួលទោស ២/ ៣ រួចហើយ នោះទើបគណគ្រប់គ្រង ពន្ធនាគា រវាយ តម្លៃនិងសន្និដ្ឋាន រួចស្នើសុំតាមលំដាប់លំដោយ ថ្វាយព្រះមហាក្សត្រ ដើម្បីទ្រង់ព្រះតំរិះ ទ្រង់ព្រះរាជទានលើកលែងទោស ប្ញបន្ធូរបន្ថយទោស។ ប៉ុន្តែ បើការអំពាវនាវឲ្យមានការ លើកលែងទោស ពីប្រមុខរាជរដ្ឋាភិបាលដោយយកឡេះថា ដើម្បីស្រុះស្រួលជាតិ រវាងខ្មែរ នឹងខ្មែរ នោះ បញ្ហានេះ  គឺចង់ប្រទាញរឿងជាប់ពន្ធនាគារនេះ ជារឿងនយោបាយហើយ ដែលមិនអាចឈានទៅដល់ការលើកលែងទោស បឬបន្ធូរបន្ថយទោសបានឡើយ ។

ឯកឧត្តម សុខ ឥសាន បានបញ្ចាក់ថា “ការមានទោស ឬមិនមានទោស មិនមែនអាស្រ័យ លើការ យោគយល់គ្នានោះទេ តែគឺជារឿងផ្លូវច្បាប់ គឺនីតិរដ្ឋនេះឯង។ ការចង់យកវប្បធម៌ នីទណ្ឌភាព មកប្រើប្រាស់នាពេលនេះមិនត្រឹមត្រូវទេ។ការចង់ឲ្យមានការស្រុះស្រួល ជាតិ មិនមែនចេះ តែអនុវត្តដោយ រំលោភច្បាប់ នោះទេ”៕