ឯកឧត្តម ប៉ាន សូរស័ក្ដិ៖ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួល ដល់សហគ្រានធុនតូច និងមធ្យមក្នុងការជួបជាមួយអតិថិជន

33111

(ទីក្រុងហ្សឺណែវ ប្រទេសស្វីស)៖ នៅព្រឹកថ្ងៃអង្គារ ០៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានបន្តចូលរួមថ្ងៃទី២ នៃព្រឹត្តិការណ៍ «សប្ដាហ៍ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិច (E-Commerce Week)» ដែលរៀបចំដោយសន្និសីទសហប្រជាជាតិស្ដីពីពាណិជ្ជកម្ម និងអភិវឌ្ឍន៍ (UNCTAD)។

ដោយយោងលើចំណាប់អារម្មណ៍ខ្ពស់លើការប្រឹងប្រែង និងគំនិតផ្ដួចផ្ដើម របស់កម្ពុជាក្នុងការជំរុញការអភិវឌ្ឍពាណិជ្ជកម្មតាមអេឡិចត្រូនិច ដើម្បីជាគំរូមួយដ៏ល្អសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចដទៃទៀត ឯកឧត្តមរដ្ឋមន្ត្រី តំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ជើញចូលរួមវគ្គពិភាក្សាចំនួនពីរទៀតនៅក្នុងព្រឹត្តិការណ៍នេះ។

វគ្គពិភាក្សាដំបូងគឺ «កិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រី ស្ដីពីផលប៉ះពាល់របស់ប្រព័ន្ធឌីជីថលទៅលើការអភិវឌ្ឍដោយចេរភាព (Ministerial Roundtable: Digital Impacts on Sustainable Development)» ដោយមានការចូលរួមពីរដ្ឋមន្ត្រីពាណិជ្ជកម្មមកពីប្រទេសលីបេរីយ៉ា អូហ្គង់ដា និងសេណេហ្គាល់។ នៅក្នុងបទអន្តរាគមន៍ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីកាត់បន្ថយរបាំងសម្រាប់ការនាំចេញ ដើម្បីឲ្យសហគ្រាសធុនតូច និងមធ្យម អាចមានឱកាសចូលរួមធ្វើពាណិជ្ជកម្មនៅក្នុងទីផ្សារសកលលោកបាន ជាពិសេសប្រព័ន្ធបច្ចេកវិទ្យាឌីជីថល អាចបង្ខិត និងបង្កើតភាពងាយស្រួលដល់សហគ្រានធុនតូច និងមធ្យមទាំងនោះក្នុងការជួបជាមួយនឹងអតិថិជន និងធ្វើការផ្សព្វផ្សាយលក់ទំនិញរបស់ខ្លួន។

លើសពីនេះទៀត ការប្រើប្រាស់ប្រព័ន្ធឌីជីថលដែលមានភាពទូលំទូលាយ នឹងជំរុញឲ្យមានគំនិតច្នៃប្រឌិត និងនវានុវត្តថ្មីៗសម្រាប់ធ្វើពាណិជ្ជកម្ម បង្កើនសហគ្រិនភាព និងបង្កើតការងារសម្រាប់ស្ត្រី យុវជន និងអ្នកជំនួញដទៃទៀត ដូចជាប្រជាពលរដ្ឋនៅតាមជនបទជាដើម។ ឯកឧត្តមបញ្ចប់បទអន្តរាគមន៍ដោយគូសបញ្ជាក់ថា ទោះបីជាប្រព័ន្ធឌីជីថលមានផលប្រយោជន៍ច្រើនក៏ពិតមែន បញ្ហាប្រឈមទាំងឡាយ ដូចជា កង្វះខាតចំណេះដឹងលើប្រព័ន្ធព័ត៌មានវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែករឹង និងទន់ លិខិតបទដ្ឋានគតិយុត្តិ ត្រូវតែដោះស្រាយឲ្យបានរួចរាល់ មុននឹងអាចទាញយកផលប្រយោជន៍នេះបាន ហើយឯកឧត្តមក៏បានអំពាវនាវបន្ថែមទៀត ទៅកាន់ដៃគូអភិវឌ្ឍដើម្បីជួយកម្ពុជាក្នុងការងារនេះ។

នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចពិភាក្សាលើ «បែបផែនអភិវឌ្ឍនៃផ្លាត់ហ្វមឌីជីថល (Development Dimensions of Digital Platforms)» ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗមកពីប្រព័ន្ធអង្គការសហប្រជាជាតិ និងឯកឧត្តម Roberto Azevedo អគ្គនាយកនៃអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។ នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចូលរួមមតិផងដែរ ដោយលើកឡើងថាប្រព័ន្ធបច្ចេកវិទ្យាមានការផ្លាស់ប្ដូរជាលំដាប់ ហើយផ្លាត់ហ្វមឌីជីថលបានរួមចំណែកធំមួយដល់ការប្រែក្លាយគំរូធុរកិច្ច (Business Model) ដើម្បីស្វែងរកផលចំណេញអតិប្បរិមា។

ឯកឧត្តមបន្ថែមទៀតថា ផ្លាត់ហ្វមឌីជីថលដែលមានទ្រង់ទ្រាយជាទីផ្សារពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាកម្លាំងចលករមួយដើម្បីជំរុញឲ្យមានការគិតគូឡើងវិញអំពីរបៀបធ្វើពាណិជ្ជកម្មដើម្បីផ្ដល់ផលប្រយោជន៍ជាបរិយាប័ន្នដល់អ្នកពាក់ព័ន្ធ ដូចនេះកម្ពុជាត្រូវតែបន្តដំណើរទៅមុខទៀត និងប្រឹងប្រែងយល់ឲ្យបានច្បាស់លាស់អំពីផ្លាត់ហ្វមឌីជីថលនេះ ដើម្បីទាញយកផលប្រយោជន៍ពីផ្លាត់ហ្វមឌីជីថលដែលមានស្រាប់ ឬបង្កើតផ្លាត់ហ្វមឌីជីថលក្នុងស្រុកដែលស្របតាមបរិបទកម្ពុជា ដើម្បីជាច្រកមួយក្នុងការធ្វើពាណិជ្ជកម្មទៅលើទីផ្សារពិភពលោក។

ក្រៅពីបានចូលរួមវគ្គពិភាក្សាទាំងពីរខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតជួបពិភាក្សាការងារជាមួយ លោកស្រី ឆាមីកា ស៊ីរីម៉ានណេ (Shamika Sirimane) នាយកផ្នែកបច្ចេកវិទ្យា និងភស្ដុភារនៃអង្គការ UNCTAD។ នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងការសិក្សាអំពីប្រព័ន្ធដឹកជញ្ជូនទំនិញ (delivery system) ដោយប្រើបច្ចេកវិទ្យា ពិនិត្យ និងបំពេញបន្ថែមកង្វះខាតរបស់សេចក្ដីព្រាងច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិចត្រូនិច ជាពិសេសលើកិច្ចការពារអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធព័ត៌មានវិទ្យា ច្បាប់ប្រកួតប្រជែង ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមអេឡិចត្រូនិច និងការចូលរួមលើការធ្វើបច្ចុប្បន្នភាពឯកសារវិភាគសមាហរណកម្មពាណិជ្ចកម្មកម្ពុជា ឆ្នាំ២០១៩-២០២៣។

 33117

 33116

 33115

 33114

 33113

 33112