អភិបាលខេត្តពោធិ៍សាត់ ជម្រុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ធ្វើយ៉ាងណាធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនយើងឲ្យខានតែបាន


ពោធិ៍សាត់ ៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវធ្វើយ៉ាងណាធានាឲ្យ បាននូវ សន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅផ្សារ ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយ ឲ្យខានតែបាន ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និង ដោះស្រាយរាល់ក្តីកង្វល់ដោយផ្ទាល់ ជូនបងប្អូនអាជីវករផ្សារពោធិ៍សាត់ នាពេលថ្មីៗនេះ ។
ឯកឧត្តម ម៉ៅ ធនិន បានឲ្យដឹងថា ការចុះមកនាពេលនេះ គឺដើម្បីត្រួតពិនិត្យការអនុវត្តយន្តការ ដែលបានដាក់ចេញកន្លងមក លើការលើកកម្ពស់ថែទាំង អនាម័យ បរិស្ថាន ការរក្សាសន្តិសុខសុវត្ថិភាព ជូនបងប្អូនអាជីករ ដែលកំពុងលក់ដូរក្នុងផ្សារ ជាពិសេសសម្រួលលើកការលើកស្ទួយជីវភាព របស់ប្រជាពលរដ្ឋ សំដៅរួមចំណែកអនុវត្តគោលនយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ឯកឧត្តមបានឲ្យដឹងទៀតថា ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកបានដាក់វិធានការ ឲ្យអ្នកទទួលម៉ៅការភាស៊ីផ្សារ ត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅផ្សារ ជៀសវាងការបាត់បង់ទ្រព្យសម្បត្តិ ដោយប្រការណាមួយ ឲ្យខានតែបាន ។ ជាមួយគ្នានេះឯកឧត្តមបញ្ជាក់ថា បញ្ហាកុងទ័រដែលបងប្អូនសង្ស័យថាមានភាពមិនប្រក្រតី ឯកឧត្តមបានឲ្យក្រុមហ៊ុនផ្លាស់ប្តូរថ្មីជូន ឬបងប្អូនអាចមានសិទ្ធិទិញផ្លាស់ប្តូរថ្មីដោយខ្លួនឯង ដោយមានការធានាត្រូវត្រឹមត្រូវពីក្រុមហ៊ុន ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៏ផ្សារក៏ដូចជាការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធនានា គឺមិនត្រូវអភិវឌ្ឍន៏លើទឹកភ្នែករបស់ប្រជាពលរដ្ឋឡើង ត្រូវមានការដោះស្រាយគោលនយោបាយណាមួយសមរម្យ ឬសមស្រប ជាងនេះទៅទៀតត្រូវមានការចូលរួមសហការ ស្រុះស្រួលគ្នា ឯកភាពគ្នា ទើបសម្រេចធ្វើជូន ដូចជាប្រព័ន្ធលូ ផ្លូវ…ជាដើម ។
ក្នុងឱកាសនោះ ឯកឧត្តមបានជូនអំណោយ ជាថវិកាមួយចំនួន ដល់លោកយាយចាស់ៗ ដែលបានយកផលិតផល និង បន្លែបង្កាបន្តិចបន្តួចមកលក់ដូរផងដែរ ៕

pursata 29-6-2016 (3)

pursata 29-6-2016 (4)

pursata 29-6-2016 (5)

pursata 29-6-2016 (6)

pursata 29-6-2016 (8)

pursata 29-6-2016 (9)

pursata 29-6-2016 (10)

pursata 29-6-2016 (11)

pursata 29-6-2016 (13)