ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ និងសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជា នាពេលឆាប់ៗនេះ

33262

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នាថ្ងៃទី១៩ ខែមេសានេះ ឯកអគ្គរដ្ឋទូតឥណ្ឌាលោកជំទាវ ម៉ានីកា ចេន បានបញ្ជាក់ថា ឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍យោគៈ (Yoga Day) និងរៀបចំឲ្យមានការសម្ដែងសិល្បវប្បធម៌ដ៏ធំនៅកម្ពុជា នាពេលឆាប់ៗខាងមុខ ហើយគោលបំណងនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីលោករដ្ឋមន្ត្រី ថោង ខុន។

ក្នុងជំនួបពិភាក្សានៅទីស្ដីការក្រសួងទេសចរណ៍ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌា បានបញ្ជាក់ពីការខិតខំបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យទេសចរណ៍ ដោយភាគីឥណ្ឌានឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗដូចរៀងរាល់ឆ្នាំ ដូចជា ព្រឹត្តិការណ៍លំហាត់ប្រាណតាមបែប «យោគៈ» ក្នុងខែមិថុនា ឆ្នាំ២០១៨ ការសម្ដែងសិល្បវប្បធម៌រួមគ្នាដ៏ធំមួយ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ និងកិច្ចប្រជុំក្រុមការងារទេសចរណ៍រវាងកម្ពុជា និងឥណ្ឌាលើកទី២។

ជាមួយគ្នានោះ លោកជំទាវបានបញ្ជាក់ថា ភាគីឥណ្ឌានឹងមានរៀបចំសិក្ខាសាលាថ្មីមួយ ដែលប្រមូលផ្ដុំទៅដោយវិនិយោគិនឥណ្ឌា ទីភ្នាក់ងារទេសចរណ៍ និងការីទេសចរណ៍ល្បីៗរបស់ឥណ្ឌា ដើម្បីធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក សំដៅជំរុញកំណើនទេសចរពីគ្នាទៅវិញទៅមក។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ទីផ្សារទេសចរណ៍ឥណ្ឌាជាទីផ្សារធំ ដែលកម្ពុជាត្រូវតែយកចិត្តទុកដាក់ ក្នុងការទាក់ទាញឲ្យមកទស្សនាឲ្យបានច្រើនថែមទៀត ព្រោះបើគិតលើវិស័យទេសចរណ៍សាសនា កម្ពុជាក៏មិនខុសពីឥណ្ឌាប៉ុន្មានដែរ ដូច្នេះកម្ពុជាមិនអាចមើលរំលងទីផ្សារទេសចរណ៍ដ៏ធំនេះបានទេ។

ដោយមើលឃើញពីសារប្រយោជន៍ធំទាំងនេះហើយ ទើបឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍ទេសចរណ៍នានា របស់ភាគីឥណ្ឌានៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីថែមទាំងស្វាគមន៍ចំពោះការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា និងសូមឲ្យលោកជំទាវឯកអគ្គរដ្ឋទូតជួយជំរុញការងារឲ្យបានរហ័ស ខណៈភ្ញៀវទេសចរឥណ្ឌាដែលមកទស្សនាកម្ពុជាកំពុងមានការកើនឡើង ទោះបីមិនទាន់ច្រើនក្រាស់ក្រែលយ៉ាងណាក៏ដោយ។

ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូតបានសន្យាជំរុញការងារខាងលើនេះ ឲ្យបានឆាប់រហ័សបំផុត ហើយលោកជំទាវក៏បានស្វាគមន៍ឲ្យក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ហោះហើរទៅកាន់ឥណ្ឌាផងដែរ៕

 33263

 33264

 33261

 33259

 33260