ឯកឧត្ដម ម៉ែន វិបុល បានអញ្ជើញចូលរួមជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង



នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាមួយឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអគ្គស្នងការរងនគរបាលជាតិ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងលោកគ្រូ អ្នកគ្រូ សរុប ៧៩២នាក់ ក្នុងក្រុងស្វាយរៀង ។

មានប្រសាសន៍ក្នុងឱកាសនោះ គណៈអធិបតី បានសម្ដែងនូវការអរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានយកអស់កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ក្នុងការផ្ទេរចំណេះដឹងដល់សិស្សានុសិស្ស និងបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព ចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន និងសម្រេចបាននូវល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចខ្ពស់ ចំណាត់ថ្នាក់លេខ ៧ នៅលើពិភពលោក ។
ទន្ទឹមនេះ គណៈអធិបតី ក៏បានលើកឡើងពីស្ថានភាពនៃការអភិវឌ្ឍប្រទេសនាពេលបច្ចុប្បន្ន ដែលមានការរីកចម្រើនស្ទើរលើគ្រប់វិស័យ រួមទាំងវិស័យអប់រំសិក្សាធិការផងដែរ ដែលផ្ទុយទាំងស្រុងទៅនឹងស្ថានភាពប្រទេសជាតិនៅក្រោយថ្ងៃរំដោះប្រទេសជាតិនាឆ្នាំ១៩៧៩ ដោយនិយាយតែក្នុងក្របខ័ណ្ឌខេត្តស្វាយរៀងតែមួយ គឺបានប្រែក្លាយពីស្ថានភាពដែលខេត្តមួយគ្មានសាលា គ្មានអគារសិក្សា និងគ្មានគ្រូបង្រៀន មកជាខេត្តដែលមានគ្រឹះស្ថានសិក្សាអប់រំគ្រប់កម្រិតចាប់តាំងពីបឋមសិក្សា រហូតដល់សាកលវិទ្យាល័យ មានបុគ្គលិកអប់រំ ៤.៦៦១នាក់ និងមានអគារសិក្សាសរុបរហូតដល់ជាង ៩០០ខ្នង ស្មើនឹងជាង ៤.០០០បន្ទប់ ហើយកិត្តិយស តម្លៃវិជ្ជាជីវៈ ព្រមទាំងជីវភាពរស់នៅរបស់គ្រូបង្រៀនត្រូវបានលើកកម្ពស់ តាមរយៈការចាត់តាំងឲ្យមានការប្រារព្ធទិវាគ្រូបង្រៀនជា រៀងរាល់ឆ្នាំ នៅថ្ងៃទី ០៥ ខែតុលា ការផ្ដល់ពានរង្វាន់ និងប្រាក់លើកទឹកចិត្តចំពោះគ្រូបង្រៀនល្អ និងនាយកល្អប្រចាំឆ្នាំ និងការបង្កើនប្រាក់បៀវត្សជូនគ្រូបង្រៀន ដើម្បីកែលម្អលក្ខខណ្ឌការងារ និងជីវភាពរស់នៅ ដែលនៅឆ្នាំ២០១៨នេះ កើនឡើងដល់ជាង ១លានរៀល ក្នុង ១ខែ ។ ទាំងអស់នេះ គឺជាមនុញ្ញផលដែលមិនអាចប្រកែកបាន កើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពលើផ្ទៃប្រទេស និងការអភិវឌ្ឍលើគ្រប់វិស័យ ។

នៅចុងបញ្ចប់ ឯកឧត្ដមឧត្ដមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងកងទ័ពជើងគោក ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនសម្រាប់លោកគ្រូ អ្នកគ្រូ ដែលបានចូលរួមក្នុងពិធីសំណេះសំណាលនេះ ចំនួន ៧៩២នាក់ ក្នុងម្នាក់ៗទទួលបាន ថវិកា ៥ម៉ឺនរៀល សៀវភៅក្រមង៉ុយ ១ ក្បាល និងសៀវភៅបណ្ឌិត អ៊ូចុង ១ ក្បាល ៕