ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អញ្ជើញបើកការដ្ឋានជួលជុលផ្លូវក្រាលគ្រួសក្រហមចំនួន ៣ខ្សែ ក្នុងខេត្តសៀមរាប


(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល​ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ អញ្ជើញបើកការដ្ឋានជួលជុលផ្លូវក្រាលគ្រួសក្រហមចំនួន ៣ខ្សែ ​ប្រវែង​៤,៤៧៧ម៉ែត្រ នៅជ្រោយ​នាងងួន និងឃុំត្រាំសសរ ក្នុងស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

ក្នុងឱកាសនោះ អភិបាលខេត្តសៀមរាប បានថ្លែងថា បើគ្មានសន្តិភាព គ្មានការអភិវឌ្ឍន៍នោះឡើយ ដូចដែលប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលុបបានដឹង និងយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្ម ដ៏ជូរចត់ដែលខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក​នៃការកាប់សម្លាប់បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឲ្យធ្វើការដូចសត្វ គ្មានពេលសម្រាក គ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគឆ្អែត គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានផងដែរ។

ឯកឧត្តម ក៏អំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់រួមគ្នា ការពារថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជាពិសេស​សន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យបានល្អប្រសើរ និងសូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅ​នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨​ឲ្យបានគ្រប់ៗគ្នា ព្រមទាំងកុំជឿលើកការញុះញុងរបស់ជនអគតិមួយក្រុមតូច។