មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននាំយកគ្រឿងចក្រចុះអនុវត្តការងារកែលម្អ ប្រព័ន្ធធារាសាស្ត្រ កង្ហត


ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០១៨ មន្ត្រីបច្ចេកទេសនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បាននាំយកគ្រឿងចក្រ ចុះអនុវត្តការងារកែលម្អ និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយនៃប្រព័ន្ធធារាសាស្ត្រ កង្ហត ។

ប្រព័ន្ធធារាសាស្ត្រ កង្ហត ត្រូវបានស្ថាបនាឡើងនៅអំឡុងឆ្នាំ ២០០៩-២០១៣ ដោយថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន ។ ប្រព័ន្ធនេះ មានសំណង់ទ្វារមេកាត់ស្ទឹងសង្កែ ស្ថិតនៅឃុំត្បែងមានជ័យ ស្រុកបាណន់ និងមានប្រព័ន្ធប្រឡាយស្រោចស្រព និងដោះទឹក ដែលដើរតួនាទីយ៉ាងសំខាន់ ពិសេសការផ្តល់ទឹកបម្រើដល់ការងារបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ លើផ្ទៃដីប្រមាណ ៧០.០០០ ហិកតា នៅក្នុងស្រុកក្រុង ចំនួន ០៥ រួមមាន ស្រុកបាណន់ មោងឫស្សី គាស់ក្រឡ សង្កែ និងក្រុងបាត់ដំបង ។