រថយន្តរបស់សម្តេចតេជោ ត្រូវបានក្រសួងការងារប្រគល់ជូនបន្តដល់ ស.ស.យ.ក និង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)


រថយន្តប្រភេទដឹកជញ្ជូនចំនួន ១២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបនឹងទទួលពីក្រុមហ៊ុនដំឡើងរថយន្ត ដេហាន អូតូ (ខេមបូឌា) (Daehan Auto Cambodia) ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រគល់ជូនសហភាពសហព័ន្ធយុវជន កម្ពុជា (ស.ស.យ.ក) និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន ដេហាន អូតូ (ខេមបូឌា) (Daehan Auto Cambodia) បានផ្តល់រថយន្តចំនួន ១២គ្រឿង សម្រាប់ដឹកកម្មករ ដែលដំឡើងនៅក្រុងបាវិត ខេត្តស្វាយរៀង ជូនទៅដល់សម្តេច នាយករដ្ឋមន្រ្តី ចុងក្រោយ សម្តេចសម្រេចថា ដើម្បីឱ្យការប្រើប្រាស់នេះបានផលប្រយោជន៍ជាទូទៅដល់ បងប្អូនកម្មករ និយោជិត ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ សម្តេចក៏បាន ផ្តល់រថយន្តទាំងនេះដោយចែកចេញ ជាពីរផ្នែក ផ្នែកទីមួយរថយន្ត ០៦គ្រឿង ជូនទៅដល់សភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងផ្នែកទី២ ចំនួន ០៦គ្រឿងទៀត ជូនទៅដល់ក្រុមគ្រូពេទ្យយុវជនស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ។ រថយន្តទាំងអស់នេះ ក្រុមការងារនឹងយកទៅសម្រាប់ដឹកជញ្ជូនគ្រូពេទ្យផង និង បងប្អូនប្រជាពលរដ្ឋដែលមកពិនិត្យនិងព្យាបាល និងការប្រើប្រាស់នៅតាមយន្តការជាក់ស្តែង។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា ក្រុមហ៊ុនបានរៀបចំការផលិតនៅកម្ពុជា អញ្ចឹងដើម្បីឲ្យរថយន្តនេះអាច ប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករ ក្រុមហ៊ុនក៏មានបំណងថាគ្រោងបង្កើតធនាគារមួយទៀត ដែលសម្រាប់ ផ្តល់ជាកម្ចីក្នុងការប្រាក់ទាបទៅឳ្យអ្នកបើកបររថយន្តដឹកកម្មករ សម្រាប់ឲ្យទិញរថយន្តនេះសម្រាប់ដឹកជំនួសវិញ។

ឯកឧត្តម សុះ មូសិន អនុប្រធានសភាពសហព័ន្ធយុវជនកម្ពុជា និងលោកវេជ្ជបណ្ឌិត ស៊ូ ស៊ីផាណា ប្រធានប្រតិបត្តិសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើកឡើងថា ក្រោយទទួល បានរថយន្តទាំងនេះ (ស.ស.យ.ក) និង (TYDA) នឹងយកទៅប្រើប្រាស់ជាផលប្រយោជន៍ទូទៅសម្រាប់ ប្រជាពលរដ្ឋ និងកម្មករនិយោជិត។ ក្រៅពីនេះ នឹងប្រើប្រាស់ជាផលប្រយោជន៍សង្គមទាំងមូល ដោយមិន ប្រកាន់ពូជសាសន៍ សាសនា ពណ៌សម្បុរ ឬក៏និន្នាការនយោបាយអ្វីឡើយ ពិសេសសម្រាប់ប្រយោជន៍សាធារណៈដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាបញ្ហាសុខភាព សុមាលភាពរបស់ប្រជាពលរដ្ឋយើង៕