ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ៖ ក្នុងរង្វង់មួយសប្តាហ៍ខាងមុខនេះ ប្រជាពលរដ្ឋក្នុងទីរួមខេត្តព្រះសីហនុ នឹងមិនមានកង្វល់បញ្ហាខ្វះទឹក រឺទឹករអាក់រអួលទៀតទេ


(ខេត្តព្រះសីហនុ)៖ កង្វះទឹកស្អាតក្នុងខេត្តព្រះសីហនុ គឺត្រូវបានចោទជាបញ្ហាញឹកញាប់ ជាពិសេសក្នុង រដូវប្រាំងហួតហែង ដែលក្នុងនោះប្រភពទឹកពីបឹងព្រែកទប់មិនអាចបំពេញតម្រូវការក្នុងខេត្តបានឡើយ។ ហើយកាន់តែមានបញ្ហាខ្ពស់ទៅទៀតនោះ គឺស្របពេលដែលខេត្តព្រះសីហនុបច្ចុប្បន្នកំពុងរីកដុះដាលយ៉ាងគំហុកនូវការបណ្តាក់ទុនវិនិយោគពីបរទេស។ ក្នុងទស្សនៈវិស័យមុតស្រួចរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានយល់ថា៖ ទំហំនៃការផ្គត់ផ្គង់ទឹកក្នុងខេត្តនេះពិតជាមានការកើនឡើងខ្លាំង ពីព្រោះខេត្តព្រះសីហនុទាំងមូលត្រូវបាន រាជរដ្ឋាភិ បាលចាត់ទុកជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ទើបកាលពីឆ្នាំ២០១៥ កន្លងទៅ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតបានធ្វើការទំនាក់ទំនងទាក់ទាញការវិនិយោគពីក្រុមហ៊ុនអានកូ ដែលជាក្រុមហ៊ុនវិនិយោគក្នុងស្រុក របស់លោកឧកញ៉ា កុក អាន ឲ្យធ្វើការវិនិយោគផ្នែកប្រព័ន្ធផលិតកម្ម និងពង្រីកបណ្តាញចែកចាយទឹកបន្ថែម ដោយហេតុថា៖ រដ្ឋាករទឹកខេត្តព្រះសីហនុមិនមានទុនគ្រប់គ្រាន់ក្នុងការពង្រីកក្នុងវិសាលភាពធំទូលាយបាន។

ដើម្បីស្វែងយល់ពីការអនុវត្តគម្រោង វិនិយោគ នៅព្រឹកថ្ងៃទីច័ន្ទ ០៧កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេស រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកឧកញ៉ា កុក អាន ប្រធានក្រុមហ៊ុន អានកូ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងអាជ្ញាធរដែនដី និងមន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន អានកូ បានចុះពិនិត្យជាក់ស្តែងតំបន់អភិរក្សព្រែកទឹកសាបក្បាលឆាយ ដែលជាប្រភពទឹកសាបដ៏សំខាន់របស់ខេត្ត ហើយត្រូវបានអនុញ្ញាតិឲ្យក្រុមហ៊ុន អាន កូ ធ្វើទំនប់សម្រាប់ធ្វើជាប្រភពទឹក បម្រើឲ្យផលិតកម្មផ្គត់ផ្គង់ទឹកស្អាតដល់ខេត្តទាំងមូល ដោយរួមសហការជាមួយរដ្ឋាករទឹកខេត្តព្រះសីហនុ។

បន្ទាប់ពីចុះពិនិត្យមើលការដ្ឋានទំនប់ទាំង៤ របស់ក្រុមហ៊ុនអានកូ រួចមក គណៈប្រតិភូបីភាគីខាងលើ បានអញ្ជើញទៅកាន់ទីតាំងក្រុមហ៊ុនអានកូ ក្នុងខេត្តព្រះសីហនុ ដើម្បីស្តាប់របាយការណ៌ និងពិភាក្សាកំណត់ជាក់លាក់ទាក់ទង នឹងការលក់ដុំទឹកស្អាត របស់ក្រុមហ៊ុន អានកូ ដល់រដ្ឋាករទឹកខេត្តព្រះសីហនុ និងបែងចែកទីតាំងគោលដៅសម្រាប់ការផ្គត់ផ្គត់ទឹក។

ឆ្លងកាត់ការពិភាក្សាយ៉ាងផុលផុសរួចមក ជាលទ្ធផល គឺបានឈានដល់ការឯកភាពគ្នា មួយដោយឈរលើការទទួលខុសត្រូវ និង យោគយល់គ្នាខ្ពស់ ក្នុងនោះ ក្រុមហ៊ុនអានកូ គឺជាអ្នកធ្វើការវិនិយោគផ្នែកប្រព័ន្ធផលិតកម្ម និងពង្រីកបណ្តាញបន្ថែមសម្រាប់បំពេញតម្រូវការប្រើប្រាស់ទឹកស្អាតក្នុងខេត្តទាំងមូល ដោយត្រូវលក់ដុំទឹកស្អាតឲ្យរដ្ឋាករទឹកខេត្តព្រះសីហនុពីកម្រិត ៩០% ដល់៩៥% រី ឯ ៥% ទៀត រដ្ឋាករទឹកខេត្តព្រះសីហនុជាអ្នកផលិតខ្លួនឯងដោយយកប្រភពទឹកពីបឹងព្រែកទប់។

ចំពោះតំបន់គោលដៅសម្រាប់តបណ្តាញផ្គត់ផ្គង់ គឺក្រុមហ៊ុន អានកូ ផ្គត់ផ្គង់ទៅលើសណ្ឋាគារធំៗ និងរោងចក្រ សល់ពីនោះ ជាភារកិច្ចរបស់រដ្ឋាករទឹកខេត្តព្រះសីហនុ។

មានប្រសាសន៍បិទកិច្ចប្រជុំ និងក្នុងបទសម្ភាសន៍ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេស រដ្ឋមន្ត្រី បានសាទរចំពោះលទ្ធផលផ្លែផ្កានៃជំនួបពិភាក្សានាថ្ងៃនេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អ ក្នុងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំក្រុមហ៊ុនអានកូ ដែលបានពង្រីកទុនវិនិយោគរបស់ខ្លួនក្នុងទឹកប្រាក់ដ៏ច្រើនរហូតដល់ជាង៣០ លានដុល្លារ សម្រាប់ផែនការដល់ឆ្នាំ ២០២៣ ដើម្បីឈានដល់ការផ្គត់ទឹកស្អាតសម្រាប់ខេត្តព្រះសីហនុទាំងមូល។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសំណូមពរដល់អជ្ញាធរខេត្ត និងម្ចាស់ក្រុមហ៊ុន យកចិត្តទុកដាក់ខ្ពស់បំផុតដល់កិច្ចការពារប្រភពទឹកបឹងព្រែកទប់ និងព្រែកទឹកសាបក្បាលឆាយ និងប្រភពទឹកដ៏ទៃទៀត កុំឲ្យមានសាងសង់សំណង់អនាធិបតេយ្យ រឺបង្ហូរជាតិពុលនានាចូលក្នុងប្រភពទឹកជាដាច់ខាត។ ក្នុងនោះក្រុមហ៊ុនអានកូ និងរដ្ឋាករទឹកខេត្តព្រះសីហនុ ត្រូវបន្តសហការល្អ ដោះស្រាយឲ្យបានឆាប់បំផុត ការបែកធ្លាយបំពង់ទឹក និងការរអាក់រអួលទឹកក្នុងប្រការណាមួយ។ ជាពិសេសក្រុមហ៊ុនអានកូ ត្រូវតែបំពាក់មន្ទីរពិសោធន៍ទំនើបតាមស្តង់ដារ ដើម្បីត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ដោយធានាថាទឹកដែលចេញពីបំពង់ទុយោ ជាទឹកគ្មានជាតិពុល និងគ្មានរោគឆ្លង។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ជាចុងក្រោយថា៖ ក្នុងរង្វង់មួយសប្តាហ៍ខាងមុខនេះ ប្រជាពលរដ្ឋក្នុងទីរួមខេត្តព្រះសីហនុ មិនមានកង្វល់បញ្ហាខ្វះទឹក រឺទឹករអាក់រអួលទៀតទេ ពីព្រោះក្រុមហ៊ុនអានកូ បានបង្កើនសមត្ថភាពផលិតទឹកក្នុងបំពង់មួយខ្សែទៀត ទំហំ ៤តឹក សមត្ថភាព ៦មឺនមែ៉ត្រត្រីគុណ ក្នុងមួយថ្ងៃ ។

ដោយឡែកឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្តែងការរីករាយចំពោះលទ្ធផលនៃជំនួបពិភាក្សា ហើយសន្យាការពារដាច់ខាតនូវការបំពុលប្រភពទឹកក្នុងខេត្តព្រះសីហនុទាំងមូល។