ក្រសួងយុត្តិធម៌ស្នើដកអភ័យឯកសិទ្ធិតំណាងរាស្ត្រ ២រូប


Pali CNRP 04 07 16 copy

     រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានធ្វើលិខិតស្នើទៅប្រធានរដ្ឋសភា ដើម្បីដកអភ័យឯកសិទ្ធិអ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ២រូប តាមសំណើសុំរបស់អយ្យការសាលាដំបូងរាជធានី ។

     អ្នកតំណាងរាស្ត្រ លោក តុ វ៉ាន់ចាន់ នៃមណ្ឌលខេត្តកណ្តាល និង លោក ពិន រតនា នៃមណ្ឌលខេត្តបាត់ដំបង ត្រូវស្ថាប័នអយ្យកាបានរកឃើញថា មានពិរុទ្ធភាពក្នុងបទល្មើសសញ្ចាកម្ម ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវផ្លូវភេទរបស់ប្រធាន ស្តីទីគណៈបក្សសង្គ្រោះជាតិ លោក កឹម សុខា និង កញ្ញាស្រីមុំ ។ បទល្មើសសញ្ចាកម្មត្រូវគេនិយាយថា មិនមែនជាបទល្មើសជាក់ស្តែងនោះទេ ច្បាប់បានចែងថា ដើម្បីអាចផ្តន្ទាទោសតំណាងរាស្រ្តសភាណាម្នាក់បាន លុះត្រាតែមានការដកអភ័យឯកសិទ្ធិជាមុននោះសិន ។

     លិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម អង្គ វង្សវឌ្ឍានា ផ្ញើទៅកាន់ សម្តេចមហាពញាចក្រី ហេង សំរិន នៅថ្ងៃទី៣០ ខែមិថុនានេះ បានសរសេរថា ដោយផ្អែកតាមសំណើរបស់អយ្យការសាលាដំបូងរាជធានី ភ្នំពេញ អ្នកតំណាងរាស្រ្តទាំង ២រូប ខាងលើ បានជាប់សង្ស័យក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១២៨០ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៦ ថាបានប្រព្រឹត្តអំពើសញ្ចាកម្ម ដែលជាបទល្មើសព្រហ្មទណ្ឌមានចែង និងផ្តន្ទាទោសតាមមាត្រា ២៤៤ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ។ លិខិតបន្តថា ក្រសួងយុត្តិធម៌ស្នើសុំសម្តេចប្រធានរដ្ឋសភា ពិនិត្យ និងជួយចាត់ការនីតិវិធីបន្តលើសំណើសុំដកអភ័យឯកសិទ្ធិតំណាងរាស្រ្ត លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា ដើម្បីអនុញ្ញាតឲ្យអយ្យការសាលាដំបូងរាជធានីភ្នំពេញ អាចអនុវត្តច្បាប់បន្តតាមនីតិវិធីជាធរមាន ក៏ដូចជាដើម្បីពង្រឹងនីតិរដ្ឋ ។

     លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា ត្រូវគេរកឃើញថា បានអូសទាញ សម្របសម្រួល និងចាត់ចែងឲ្យ កញ្ញា ស្រីមុំ ទៅរួមភេទជាមួយ លោក កឹម សុខា នៅប្រទេសថៃ ២លើក ដោយផ្អែកតាមលទ្ធផលនៃការបញ្ជាក់របស់អគ្គនាយកដ្ឋាអន្តោប្រវេសន៍… ទិន្នន័យក្រុមហ៊ុនអាកាសចរណ៍បាងកកអ៊ែរ… ភ័ស្តុតាងដែលប្រមូលបានក្រោមកិច្ចសហការជាមួយសមត្ថកិច្ចថៃ… និងការវិភាគទិន្នន័យភ័ស្តុតាងជាសម្លេង នៃការសន្ទនាដែលទទួលបានពីការបង្ហោះជាសាធារណៈ ពីបណ្តាញសង្គម Facebook ។