សង្គ្រោះជាតិទទួចរកការចរចា


CNRP 04 07 16 2 copy

     គណបក្សសង្គ្រោះជាតិ បានថ្លែងទទូចរកការជួបចរចា ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ក្រោយសម្ពាធអន្តរជាតិមិនអាចមានឥទ្ធិពល មកលើរាជរដ្ឋាភិបាលកម្ពុជា ។

     មន្ត្រីគណបក្ស លោក គឹម សួភីរិទ្ធ បានថ្លែងនៅថ្ងៃនេះថា គណៈអចិន្ត្រៃយ៍សង្គ្រោះជាតិ បានប្រជុំសម្រេចនៅថ្ងៃនេះ ក្រោយការជួបជាមួយនឹង លោក សម រង្ស៊ី នៅក្រៅប្រទេសរួចមក ថាគណបក្សត្រូវវិលត្រឡប់ទៅរកវប្បធម៌សន្ទនានោះវិញ ។ លោក គឹម សួភីរិទ្ធ បាននិយាយថា គណបក្សសង្គ្រោះជាតិនឹងស្នើរកវប្បធម៌សន្ទនានេះ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ។ ការសម្រេចវិលត្រឡប់មករកការជួបចរចាគ្នានេះ គឺនៅក្រោយដែលការធ្វើព្យុះភ្លៀងនៅក្រៅប្រទេស ដែលចង់ឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មផ្តាច់ជំនួយ មិនអាចមានឥទ្ធិពលមកលើរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះបានឡើយ ។

     ការថ្លែងរបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី១ ខែកក្កដា បង្ហាញជំហរវិលមករកការជួបចរចា ក្រោមរូបភាពវប្បធម៌សន្ទនានេះ នៅមិនទាន់មានប្រតិកម្មតបជាផ្លូវការភ្លាមៗ នៅឡើយទេពីគណបក្សប្រជាជនកម្ពុជា ប៉ុន្តែក្នុងឱកាសប្រារព្ធខួបកំណើតបក្សលើកទី៦៥ កាលពីថ្ងៃទី២៨ ខែមិថុនា កន្លងមកនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ច្បាស់ៗថា គណបក្សប្រជាជនកម្ពុជា បន្តប្រកាន់យកវប្បធម៌សន្ទនាជាមួយគ្រប់មជ្ឈដ្ឋាននយោបាយ ប៉ុន្តែគេក៏មិនត្រូវប្រើវប្បធម៌សន្ទនា ក្នុងការរកប្រយោជន៍ឱ្យបុគ្គលប្រព្រឹត្តខុសច្បាប់ រួចពីសំណាញ់ច្បាប់នោះបានដែរ ។

     គួររំលឹកថា កម្ពុជាធ្លាប់រងអំពើអយុត្តិធម៌រយៈពេល ១១ឆ្នាំ ដោយសារតែការធ្វើគ ថ្លង់ របស់សហគមន៍អន្តរជាតិ លើសភាពការណ៍ពិតរបស់កម្ពុជា ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ ១៩៧៩ របស់កម្ពុជាចេញពីរបបកាប់សម្លាប់ខ្មែរក្រហម សហគមន៍អន្តរជាតិដែលជឿតាមការញុះញង់តែម្ខាង បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើកម្ពុជាដែលក្រីក្រនាពេលនោះ អស់រយៈពេល ១១ឆ្នាំ ។ ទោះជាយ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជាដែលកាច់ចង្កូតនាវាប្រទេស បានស្ថិតនៅជាមួយនឹងប្រជាជន រងភាពលំបាកជាមួយគ្នា ក្នុងការតស៊ូមិនឱ្យអតីតរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានវិលត្រឡប់មកវិញឡើយ ។

     គណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យកម្ពុជាដែលធ្លាប់តែរងភាពបែកបាក់ និងរងសង្គ្រាមស៊ីវិល បានក្លាយជានាវាកម្ពុជាមានសន្តិភាពពិតប្រាកដ នៅចុងឆ្នាំ ១៩៩៨ ដោយសានយោបាយឈ្នះៗរបស់ សម្តេចតេជោសែន ។