រដ្ឋមន្ត្រីក្រសួងបរិស្ថាន ចុះពិនិត្យព្រៃឡង់


Sam Al 04 07 16 2 copy

     រដ្ឋមន្ត្រីក្រសួងបរិស្ថានដែលធ្លាប់បានប្តេជ្ញា ក្នុងការថែរក្សាការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះ ក្នុងដែនជម្រកសត្វព្រៃ បានធ្វើទស្សនកិច្ចពិនិត្យស្ថានភាពព្រៃឡង់ ។ ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានប្រព្រឹត្តទៅក្រោយសេចក្តីរាយការណ៍នានា ទាក់ទងនឹងសកម្មភាពលួចលាក់បន្តកាប់បំផ្លាញព្រៃក្នុងដែនអភិរក្សព្រៃឡង់ ។

     ព្រៃឡង់គឺជាព្រៃធំជាងគេមួយរបស់ប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្តាលនៃព្រំប្រទល់ ៤ខេត្ត គឺខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងស្ទឹងត្រែង ។ សេចក្តីរាយការណ៍បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចពិនិត្យស្ថានភាពព្រៃឡង់ កាលពីថ្ងៃទី៣០ ខែមិថុនា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន សាយ សំអាល់ បានជួប សំណេះសំណាលជាមួយតំណាងប្រជាសហគមន៍ព្រៃឡង់ ក្នុងភូមិសាស្រ្តឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។

     ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានគេដកស្រង់ប្រសាសន៍ ដែលប្តេជ្ញានៅចំពោះមុខប្រជាសហគមន៍ ក្នុងការថែរក្សា ការពារព្រៃឈើ សត្វព្រៃ និងជីវៈចម្រុះក្នុងតំបន់ព្រៃឡង់ និងតំបន់ព្រៃការពារផ្សេងទៀតឲ្យបាន ។ ជាមួយនឹង ការប្តេជ្ញាចិត្តដូចនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់រដ្ឋបាលមូលដ្ឋាន ខេត្ត ស្រុក កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស រដ្ឋបាលព្រៃឈើ សង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធ និងបងប្អូនប្រជាសហគមន៍ សូមរួមគ្នាថែ រក្សាការពារព្រៃឈើ និងសត្វព្រៃទាំងអស់គ្នា ព្រោះកិច្ចការងារនេះ មិនមែនជាភារកិច្ចរបស់រាជរដ្ឋាភិបាលតែមួយ នោះទេ ប៉ុន្តែវាជាភារកិច្ចរួមរបស់ប្រជាជនទាំងអស់គ្នា ដែលត្រូវរួមគ្នាធ្វើ និងការពារ ។

Sam Al 04 07 16 3 copy

Sam Al 04 07 16 4 copy

Sam Al 04 07 16 5 copy