អភិបាលខេត្តពោធិ៍សាត់ ឆ្លង និង សម្ពោធចេតីយ៍តំកល់ធាតុជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ នៅឃុំរំលេច


ពោធិ៍សាត់ ៖ ចេតីយ៍ដែលមានកំពស់ ១៤ម៉ែត្រ សាងសង់ពីបេតុង ប្រក់ក្បឿង តាមលក្ខណៈគំរូប្លង់សារៈមន្ទីរជើងឯក ដោយចំណាយថវិកាអស់ជាង ៣ម៉ឺនដុល្លារអាមេរិក ក្នុងនោះថវិកាផ្ទាល់របស់ លោក យស់ សារុន និង លោកស្រី ត្រូវជាប្អូនថ្លៃរបស់លោក យ៉េន សារ៉ាត សម្បុរសជនខ្មែររស់នៅ សហរដ្ឋអាមេរិក ដែលចាប់ផ្តើមកសាងនៅខែមីនា និងរួចរាល់ក្នុងខែធ្នូ ឆ្នាំ ២០១៥ ត្រូវបាន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និង លោកស្រី ឆ្លង និង សម្ពោធជាផ្លូវការ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅវត្តច័ន្ទរង្សី ឃុំរំលេច ស្រុកបាកាន សម្រាប់ដាក់តំកល់អដ្ឋធាតុ ជនរងគ្រោះ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ។
ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានសម្តែងការកោតសរសើរចំពោះ លោក យស់ សារុន និងលោកស្រី លោក យ៉េត សារ៉ាត សម្បុរសជន ខ្មែររស់នៅសហរដ្ឋអាមេរិក និង លោក ថាច់ ឃន អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ព្រឹទ្ធសភា រដ្ឋសភា និង អធិការកិច្ច និង លោកស្រី  ព្រមទាំង ព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណកម្មការ អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ ដែលបានរួមសាមគ្គីកសាងចេតីយ៍នេះឡើង សម្រាប់តំកល់ អដ្ឋិធាតុ ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាការបារម្ភ និង ខ្លាចបាត់នូវភស្តុតាងដ៏សំខាន់ និង ជាប្រវត្តិសាស្រ្តនេះ ។ ឯកឧត្តម បានថ្លែងថា ពលរដ្ឋយើងដែលមានអាយុក្រោម ៤០ឆ្នាំ បានត្រឹមតែដឹង ប៉ុន្តែមិនដែលបានឆ្លងកាត់នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងអំឡុងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ គឺមានរយៈពេល ៣ឆ្នាំ៨ខែ ២០ថ្ងៃនោះទេ ព្រោះថារបប ប៉ុល ពត នេះ បានប្រែក្លាយប្រទេសកម្ពុជា ទៅជាសោកនាដកម្ម រងទុក្ខទោសដ៏សែនមហាឈឺចាប់ ពុំធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្តមនុស្សជាតិនៅលើសកលលោក ។ ការកសាងចេតីយ៍ ឬ ស្តូបតំកល់អដ្ឋិធាតុជនរងគ្រោះ នៅក្នុងវត្តច័ន្ទរង្សី ក្នុងឃុំរំលេចនេះឡើង ក្នុងគោលបំណងដើម្បីទុកជានិមិត្តរូប ធ្វើជាភស្តុតាងនិង រក្សាទុកជាប្រវត្តិសាស្ត្រមួយ សម្រាប់កូនចៅជំនាន់ក្រោយៗបានដឹង និង បានស្គាល់ពីមេដឹកនាំដ៏ព្រៃផ្សៃ នៃរបបប៉ុល ពត ។
ឯកឧត្តម អភិបាលខេត្ត បានរំលឹកថា សោកនាដកម្ម វិនាសកម្ម អំពើរឃោឃៅព្រៃផ្សៃ ភាពរន្ធត់តក់ស្លុតការនិរាសព្រាតប្រាស់ បាត់បង់សមាជិកគ្រួសារ ដែលបង្កើតឡើងដោយរបប ប៉ុល ពត ធ្វើឲ្យប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេសចងចាំជានិច្ច មិនអាចបំភ្លេចបាននូវការរស់រានឡើងវិញ ដោយសារគុណូបការៈដ៏ថ្លៃថ្លាឧត្តុង្គឧត្តម នៃវីរៈកងទ័ពស្ម័គ្រចិត្ត បានវាយរំដោះប្រទេសជាតិ និង ប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបព្រៃផ្សៃ ឃោឃៅនៃរបប ប៉ុល ពត នេះនាថ្ងៃ ៧ មករា ១៩៧៩ ជាស្ថាពរ។ លោកមានជំនឿជឿជាក់ថា ទៅថ្ងៃខាងមុខចេតីយ៍នេះ បានក្លាយទៅជាទីកន្លែងសក្ការៈបូជា ហើយបងប្អូនជនរួមជាតិជិតឆ្ងាយដែលមាន ឳពុក ម្តាយ ពូមីង បងប្អូន សាច់ញាតិ ដែលបានស្លាប់ដោយអយុត្តិធម៌ ក្នុងរបប ប៉ុល ពត មកចូលរួមអុជធូប និង បង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណខក្ខ័ន្ធ ដល់បុព្វការីជនពុំខានឡើយ ។
បន្ទាប់ពីចែកជូនវត្ថុកំដដៃ ដល់លោកយាយ លោកតានោះរួចមក ឯកឧត្តម ម៉ៅ ធនិន និង លោកស្រី ព្រមទាំងសប្បុរសជន បានអញ្ជើញកាត់ខ្សែបូសម្ពោធ និង ដង្ហែរអដ្ឋធាតុប្រទក្សិន ៣ជុំ ចេតីយ៍ផងដែរ ។
សូមបញ្ចាក់ថា នៅតំបន់រំលេចនេះ ត្រូវអាជ្ញាធរមូលដ្ឋាន រកឃើញកន្លែងកាប់សម្លាប់ និង គំនរឆ្ឆឹងជនរងគ្រោះក្នុងរណ្តៅរួម កាលពីសម័យ ប៉ុល ពត មាន៧ទីតាំងធំៗ គឺនៅទួលឈុន ទួលសេសញ៉ូវ មន្ទីរ៤២ ដំណាក់ផ្ចឹក ព្រៃក្របៅ អូរចែង និង ទួលទិលានបាល់រំលេច ៕

Mao Tornin 4-7-2016 (1)

Mao Tornin 4-7-2016 (2)

Mao Tornin 4-7-2016 (9)

Mao Tornin 4-7-2016 (4)

Mao Tornin 4-7-2016 (3)

Mao Tornin 17-6-2016 (16)

Mao Tornin 4-7-2016 (7)