ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ បូព៌ា ជំហានទី ៣ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង


ថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៨ លោក ហៀង ម៉េង ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ បូព៌ា ជំហានទី ៣ ស្ថិតក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ៨០% ហើយ ។

គម្រោងសាងសង់ប្រឡាយមេ បូព៌ា ជាគម្រោងប្រព័ន្ធធារាសាស្ត្រខ្នាតធំមួយ ដែលការសងសង់ទាមទារនូវការអនុវត្តជាជំហានៗ ដោយក្នុងនោះជំហានទី ១ គឺមានប្រវែង ៤.៧០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន​ ១៧ កន្លែង, ជំហានទី ២ មានប្រវែង ៧.០០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន ១៦ កន្លែង និងជំហានទី ៣ ដែលកំពុងដំណើរការសាងសង់នេះ គឺមានប្រវែង ៥.០០០ ម៉ែត្រ បំពាក់សំណង់សិល្បការ ចំនួន ២៣ កន្លែង ។ នៅពេលបញ្ចប់ជំហានទី ៣ នេះ ក្រសួងគ្រោងនឹងធ្វើការសាងសង់នូវជំហានទី ៤ បន្តទៀត ដែលមានប្រវែង ៤.០០០ ម៉ែត្រ ។

ក្រោយការសាងសង់ត្រូវបានបញ្ចប់ទាំងស្រុង ប្រឡាយមេបូព៌ា នឹងផ្តល់ទឹកស្រោចស្រពដល់ផ្ទៃដីបង្កបង្កើនផលប្រមាណ ១៥.០០០ ហិកតា និងអាចធ្វើបាន ៣ ដង ក្នុង ១ ឆ្នាំ ។