ភ្នំពេញ៖ លោក ហែម សុគន្ធារិន អនុប្រធានការិយាល័យគោលនយោបាយ នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) បានថ្លែងថា កម្មករនិយោជិតក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធទាំងអស់ មានសិទ្ធិទទួលបានការគាំពារសង្គមពីសំណាក់រាជរដ្ឋាភិបាល តាមរយៈការផ្តល់នូវរបបសន្តិសុខសង្គមពី ប.ស.ស ជាពិសេសការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមពេលសម្រាលកូន ដល់កម្មករនិយោជិតជាស្ត្រីដែលបានសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធផងដែរ។
លោកបានថ្លែងយ៉ាងដូចនេះ នៅក្នុងពិធីប្រជុំផ្សព្វផ្សាយអំពីគោលនយោបាយអភិវឌ្ឍន៍វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាលរង តំណាងឯកឧត្តមអភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ នៅសាលាខណ្ឌច្បារអំពៅ។
លោកបានឱ្យដឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០១៨ មានសមាជិក ប.ស.ស ទៅទទួលសេវាផ្នែកថែទាំសុខភាពសរុបចំនួន ៣០៤ ៩៨៥នាក់ (ស្រី ២៤៣ ៩៨៨នាក់) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ចំនួន ១ ៣១៧មូលដ្ឋាន នៅទូទាំងរាជធានី-ខេត្ត។
ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវមានកាតព្វកិច្ច ចុះបញ្ជិកាកម្មករនិយោជិតមកក្នុង ប.ស.ស ដោយខានពុំបាន ដើម្បីឱ្យបងប្អូនកម្មករនិយោជិត ទទួលបានសិទ្ធិទៅប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតគិតថ្លៃ។
លោក ថេង សុថុល បានសម្តែងនូវក្តីរីករាយ ដែលបានសហការជាមួយ ប.ស.ស បើកកិច្ចប្រជុំផ្សព្វផ្សាយពេលនេះ។ លោកបានបន្តថា កិច្ចសហការជាមួយ ប.ស.ស នាពេលនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋម និងអត្ថប្រយោជន៍របបសន្តិសុខសង្គមជាច្រើនទៀត ដល់និយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ដែលជាក្បាលព្រួញដ៏មុតស្រួចក្នុងការនាំយកទៅផ្សព្វផ្សាយបន្ត ដល់បងប្អូនកម្មករនិយោជិត។
លោកក៏បានសំណូមពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ ត្រូវទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នានៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីប្រើប្រាស់សិទ្ធិ៥ឆ្នាំម្តង ក្នុងការជ្រើសមេដឹកនាំរបស់ខ្លួន។