CPP មិនទាន់បានទទួល សំណើរពី CNRP ក្នុងករណីសុំជួបចរចា


ភ្នំពេញ ៖ តបនឹងការលើកឡើង របស់មន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ(CNRP) ឯកឧត្តម ស៊ុន ឆ័យ ដែលថាមានការស្នើ ទៅកាន់សម្តេច ក្រឡាហោម ស ខេង តំណាងរាស្រ្តមតិភាគច្រើននៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជា(CPP)  ជួបពិភាក្សាគ្នានោះ អ្នកនំាពាក្យគណបក្សប្រជាជន កម្ពុជាឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា លោក មិនទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។
ឯកឧត្តម សុខ ឥសាន បន្តថា ការទទូចសុំជួបចរចា របស់គណបក្សប្រឆំាងនេះ ដើម្បីធ្វើឲ្យមានប្រជាភិថុត ដល់ប្រពលរដ្ឋតែប៉ុណ្ណោះ ។ ឯកឧត្តមថា CNRP ចង់សម្រួលស្ថានការណ៍នយោបាយដែលកំពុងឡើងកំដៅ ឲ្យមកត្រជាក់វិញ  គឺតាមពិតនោះអ្វីដែលកើតឡើង CNRP ទេ ដែលជាអ្នកបង្កើត ឲ្យមានស្ថានការណ៍ កំដៅនៅក្នុងបក្សរបស់ខ្លួនឯងចំពោះប្រទេសជាតិ។
ឯកឧត្តមបញ្ជាក់ថា« អ្នកដែលបង្កើតបញ្ហាត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ។ គណបក្សប្រជាជនកម្ពុជា មិនចូលរួមទទួលខុស ត្រូវជាមួយនោះទេ ។ អ្នកដែលទទួលខុសត្រូវគឺអ្នកធ្វើ ។ គណបក្សប្រជាជនកម្ពុជា គ្មានពេល សម្រាប់ជួបចរចាជាមួយអ្នក ធ្វើខុសនោះទេ »។
ជាមួយគ្នានោះដែរ ឯកឧត្តម សុខ ឥសាន បានសង្កត់ធ្ងន់ថា ទោះបីជាមានសំណើរពីគណបក្ស សង្គ្រោះជាតិ ក៏មិនមានជំនួបនោះដែរ ។   CNRPដាក់សំណើរជាលាយលក្ខណ៍អក្សរយ៉ាងណាក្តី ជារឿងរបស់គាត់ ។ ក៏ប៉ុន្តែចង់ជួបចរចាជាមួយគណបក្សប្រជាជននោះ សួរថាតើគណបក្ស ប្រជាជនធ្វើអ្វីខុស ជាមួយបានជាចង់ ជួបចរចាជាមួយ ៕