សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអនុញ្ញាតឲ្យ ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់ ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ នេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិនប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យ ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់
(HE. Mr. Panyarak Poolthup) ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចំាព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានមានប្រសាសន៍ថាបច្ចុប្បន្ន ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ មាន ការរីកចម្រើនយ៉ាងខ្លាំងគួរអោយកត់សម្គាល់ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍ រួមទំាងវិស័យផ្សេងៗ ទៀតជាច្រើន។

សម្តេចប្រធានរដ្ឋសភាសង្ឃឹមថា ក្នុងអាណត្តិការទូតថ្មីនេះ ឯកឧត្តមផាន់យ៉ារ៉ាក់ ភុនថាប់នឹង បន្តធ្វើកិច្ចសហការ កាន់តែជិតស្និទ្ធជាមួយបណ្តា ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ក្រុងនានា របស់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទទួលផ្លែផ្កាកាន់តែច្រើន។

ឯកឧត្តម ផាន់យ៉ារ៉ាក់ ភុនថាប់ បានសន្យាថាក្នុងអាណត្តិការទូតថ្មីនេះឯកឧត្តមនឹងបន្តជម្រុញធ្វើអោយទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងថៃអោយកាន់តែមានការរីកចំរើនបន្ថែមទៀត៕