យុវជនកម្ពុជាចូលរួមកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំនយោបាយ


នៅទីស្តីការក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៨ វគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំនយោបាយវគ្គទី១២ បានដំណើការជាមួយការចូលរួមពីយុវជនកម្ពុជា ដើម្បីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ក្នុងភាពជាអ្នកដឹកនាំនៅក្នុងសង្គមគ្រួសារ ស្ថាប័ន និងសង្គមជាតិ។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបញ្ជាក់ថាតាមរយៈវគ្គបណ្តុបណ្តាលនេះ យុវជនមានឱកាសចូលរួមចែករំលែកនូវចំណេះដឹង និង បទពិសោធន៍ទាក់ទងនឹង ភាពជាអ្នកដឹកនាំ ប្រកបដោយ គុណភាព ភាពឈ្លាសវៃ ធ្វើយ៉ាងណាក្លាយជាយុវជនគំរូ ជាអ្នកបន្តវេន ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម និងប្រទេសជាតិឱ្យមានការរីកចំរើន។ យ៉ាងណា មិញ សម្រាប់វគ្គ១២នេះ មានសិក្ខាកាមចំនួន២១០នាក់ ដែលមកពីក្រសួង ស្ថាប័ន មកពីខេត្តមួយចំនួន។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលកម្មវិធីអភិវឌ្ឍន៍ ភាពជាអ្នកដឹកនាំនយោបាយវគ្គទី១២ មានការអញ្ជើញចូលរួមចែករំលែកបទពិសោធន៍និងចំណេះដឹងផ្ទាល់ពី ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលបានផ្តោតសំខាន់ លើការអនុវត្ត គោលដៅ និងភារកិច្ចរបស់ខ្លួន បម្រើដល់ប្រជាជននិងសង្គមជាតិ ឱ្យមានគុណភាព និងមានប្រសិទ្ឋភាពខ្ពស់។