ឥឡូវនេះបងប្អូនប្រជាពលរដ្ឋអាចជិះរថភ្លើងទៅមក ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ្ឌ-ប៉ោយប៉ែត(ព្រំដែនកម្ពុជា-ថៃ) (២២០គ.ម)ដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ សីហា ២០១៨


នៅថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យប្រើប្រាស់ជាបណ្តោះអាសន្ននូវសេវាដឹកជញ្ជូនអ្នកដំណើរតាមរថភ្លើងពីបាត់ដំបង ទៅពោធិ៍សាត់ មានប្រវែង១០៧គ.ម ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ស្នងការនគរបាលខេត្តបាត់ដំបង តំណាងក្រុមហ៊ុន Royal Railway ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ។

កំណាត់ផ្លូវដែកពីបាត់ដំបង ទៅពោធិ៍សាត់ មានប្រវែង ១០៧គ.ម មានស្ថានីយ៍ចំនួន ១៦ រួមមាន ស្ថានីយ៍បាត់ដំបង ស្ថានីយ៍អូរដំបង ស្ថានីយ៍អូរស្រឡៅ ស្ថានីយ៍រាំងកេសី ស្ថានីយ៍ស្វាយជាតិ ស្ថានីយ៍ភ្នំធិបតី ស្ថានីយ៍គោកត្រុំ ស្ថានីយ៍កោះចារ ស្ថានីយ៍មោងឬស្សី ស្ថានីយ៍ព្រៃស្វាយ ស្ថានីយ៍កាឡោមពុក ស្ថានីយ៍ស្វាយដូនកែវ ស្ថានីយ៍បឹងខ្នារ ស្ថានីយ៍ត្រពាំងជង ស្ថានីយ៍ស្នាមព្រះ និងស្ថានីយ៍ពោធិ៍សាត់ ដោយទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដែលចំណាយថវិកាចំនួន ១៧,១លានដុល្លារ ជាប្រភពថវិកាជាតិ។

គួររំលឹកផងដែរថា ផ្លូវដែកទិសពាយ័ព្យ ពីប៉ោយប៉ែត (ព្រំដែនកម្ពុជា-ថៃ) ទៅពោធិ៍សាត់ មានប្រវែងសរុប២២០គ.ម ចំណាយថវិការ ៨២,៣លានដុល្លារអាមេរិក ដោយមានស្ថានីយ៍ចំនួន៣០ រួមមាន ស្ថានីយ៍ប៉ោយប៉ែត ស្ថានីយ៍កូប ស្ថានីយ៍សូភី ស្ថានីយ៍សាលាសំរោង ស្ថានីយ៍ទឹកថ្លា ស្ថានីយ៍សិរីសោភ័ណ ស្ថានីយ៍មង្គលបូរី ស្ថានីយ៍ចំការចេក ស្ថានីយ៍ភ្នំតូច ស្ថានីយ៍ទួលសំរោង ស្ថានីយ៍ជ្រោយស្តៅ ស្ថានីយ៍ជណ្តើរស្វា ស្ថានីយ៍អូរតាគី ស្ថានីយ៍សៀម ស្ថានីយ៍បាត់ដំបង ស្ថានីយ៍អូរដំបង ស្ថានីយ៍អូរស្រឡៅ ស្ថានីយ៍រាំងកេសី ស្ថានីយ៍ស្វាយជាតិ ស្ថានីយ៍ភ្នំធិបតី ស្ថានីយ៍គោកត្រុំ ស្ថានីយ៍កោះចារ ស្ថានីយ៍មោងឬស្សី ស្ថានីយ៍ព្រៃស្វាយ ស្ថានីយ៍កាឡោមពុក ស្ថានីយ៍ស្វាយដូនកែវ ស្ថានីយ៍បឹងខ្នារ ស្ថានីយ៍ត្រពាំងជង ស្ថានីយ៍ស្នាមព្រះ និងស្ថានីយ៍ពោធិ៍សាត់។ ក្នុងនោះកំណាត់ផ្លូវប៉ោយប៉ែត-សិរីសោភ័ណ មានប្រវែង៤៨គ.ម ទ្រទម្ងន់បាន ២០តោន/អ័ក្ស ដែលបានដាក់ឱ្យដំណើរការពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ និងកំណាត់ផ្លូវសិរីសោភ័ណ-បាត់ដំបង មានប្រវែង៦៥គ.ម ទ្រទម្ងន់បាន ១៥តោន/អ័ក្ស ដាក់ឱ្យដំណើរការនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨។

ការដាក់ឱ្យដំណើរការនូវកំណាត់ផ្លូវដែកនេះ បានជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារគោលដៅ និងទាក់ទាញការវិនិយោគបង្កើតការងារជូនប្រជាពលរដ្ឋដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងជាច្រកយុទ្ធសាស្ត្រយ៉ាងសំខាន់តភ្ជាប់ផ្លូវដែកកម្ពុជាទៅកាន់ផ្លូវដែកក្នុងតំបន់អាស៊ាន ជាផ្លូវរបៀងសេដ្ឋកិច្ចប្រកបដោយសក្ដានុពល និងជួយសម្រួលដល់លំហូរនៃការធ្វើពាណិជ្ជកម្ម ទេសចរណ៍ ភស្តុភារកម្ម និងវិនិយោគិន។ លើសពីនេះទៅទៀត កំណាត់ផ្លូវដែកមួយខ្សែនេះ បានជួយសម្រួលដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវ និងការបំពុលបរិស្ថានផងដែរ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ ដោយសារប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកំណាត់ផ្លូវរថភ្លើងមួយខ្សែនេះត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្នជាថ្មីម្តងទៀតបន្ទាប់ពីការកាត់ផ្តាច់ដោយសង្គ្រាមអស់រយៈពេល៤៥ឆ្នាំ ហើយគ្រោងនឹងដាក់ឱ្យដំណើរការពីភ្នំពេញ-ប៉ោយប៉ែត ប្រវែង៣៨៦គ.ម នៅដើមខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសំណូមពរដល់អាជ្ញាធរដែនដីពាក់ព័ន្ធ និងប្រជាពលរដ្ឋដែលមានភូមិស្ថាននៅអមសងខាងផ្លូវរថភ្លើងនេះ បន្តសហការដើម្បីឱ្យគម្រោងនេះអាចសម្រេចបានជោគជ័យជាស្ថាពរ និងជួយថែរក្សាសម្បត្តិដ៏មហាសាលនេះឱ្យបានគង់វង្សយូរអង្វែង ព្រមទាំងប្រុងប្រយ័ត្នចំពោះកូនចៅក៏ដូចជាសត្វពាហនៈ ដែលឆ្លងកាត់លើផ្លូវដែក ដើម្បីចៀសផុតពីគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។

ការដាក់ឱ្យដំណើរការបណ្តោះអាសន្នសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវរថភ្លើងនេះ បានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃរហូតដល់ថ្ងៃទី០១ សីហា ២០១៨៕