លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន ចេង ហ៊្វុង អិនវេសម៉ិន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន ចេង ហ៊្វុង អិនវេសម៉ិន ដែលបានរៀបចំឡើង នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នារសៀល ថ្ងៃពុធ ទី១រោជ ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។

ថ្លៃងក្នុង ឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិតបានមានប្រសាសន៍ថា ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រ ជម្រុញលើកទឹកចិត្ត និងជួយសម្រួលដល់អ្នកវិនិយោគបរទេសគ្រប់រូប ដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយការបង្ករលក្ខណៈងាយស្រួលទាំងនេះ ក្នុងន័យទាក់ទាញដល់អ្នកវិនិយោគសម្រាប់មកអភិវឌ្ឍនៅក្នុងប្រទេសផងដែរ ។

លោកជំទាវក៏បានសង្ឃឹមយ៉ាងមុតមាំថាក្រុមហ៊ុនថ្មីមួយនេះ នឹងរួមចំណែក អភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា តាមរយៈ ការផ្តល់ប្រឹក្សា រកដៃគូ និងណែនាំ ជូនអ្នកវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស លើវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ និងទេសចរណ៍ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត៕