រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំពិធីប្រគល់ពានអនុស្សាវរីយ៍ និងប័ណ្ណសរសើរជូនដល់ប្រតិភូក្រសួង រាជធានី ខេត្ត និងសហព័ន្ធកីឡាជាតិនៃការប្រកួតកីឡាជាតិ លើកទីពីរ ឆ្នាំ២០១៨ ដើម្បីលើកទឹកចិត្តដល់មន្ត្រីដែលខិតខំបំពេញការងារយ៉ាងអស់ពីកម្លាំងកាយចិត្តធ្វើយ៉ាងណាអោយការព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទីពីរនេះ ដំណើរការទៅដោយរលូន។
ពិធីប្រគល់ពានអនុស្សាវរីយ៍ និងប័ណ្ណសរសើរនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ សូមជម្រាបថាព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទីពីរ ឆ្នាំ២០១៨ បានប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨កន្លងទៅនេះ ហើយបន្តរហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ខាងមុខនេះ៕