ពិធី​ប្រគល់​ពាន​អនុស្សាវរីយ៍ និង​ប័ណ្ណ​សរសើរ​ជូន​ដល់​ប្រតិភូ​ក្រសួង រាជធានី​ ខេត្ត និង​សហព័ន្ធ​កីឡា​ជាតិ​នៃ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​ពីរ ឆ្នាំ​២០១៨


រាជធានី​ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀបចំ​ពិធី​ប្រគល់​ពាន​អនុស្សាវរីយ៍ និង​ប័ណ្ណ​សរសើរ​ជូន​ដល់​ប្រតិភូ​ក្រសួង រាជធានី​ ខេត្ត និង​សហព័ន្ធ​កីឡា​ជាតិ​នៃ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​ពីរ ឆ្នាំ​២០១៨ ដើម្បី​​លើក​ទឹក​ចិត្ត​ដល់​មន្ត្រី​ដែល​​ខិត​ខំ​បំពេញ​ការងារ​យ៉ាង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​យ៉ាង​ណា​អោយ​ការ​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទីពីរ​នេះ ដំណើរ​ការ​ទៅ​ដោយ​រលូន។

​​ពិធី​ប្រគល់​ពាន​អនុស្សាវរីយ៍ និង​ប័ណ្ណ​សរសើរ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតី​ភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន​ ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ២រោច ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.​២៥៦២ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។ សូម​ជម្រាប​ថា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ​លើក​ទីពីរ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្ត​ទៅ​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ​នេះ ហើយ​បន្ត​រហូតដល់​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០១៨​ខាង​មុខ​នេះ​៕