នៅរសៀលថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ នៅឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ នៅឃុំស្រែគរទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែរួមសុខ រួមទុក្ខជាមួយបងប្អូន និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពិសេសគឺសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ បណ្តាញទឹក និងភ្លើង រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ។
ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំបង្កបង្កើនផល បញ្ជូនកូនទៅសាលារៀន ថែរក្សាសុខភាពឲ្យបានល្អ និងរាយការណ៍អំពីទុក្ខកង្វល់ បញ្ហាប្រឈម ឬសំណូមពរផ្សេងៗទៅកាន់អាជ្ញាធរមូលដ្ឋានដើម្បីធ្វើការដោះស្រាយជូន។ ឯកឧត្តម បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំខានឲ្យសោះ ពីព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនគ្រប់ៗរូប ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត ហើយជាពិសេសគឺបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានសុខសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសង្គមជាតិទាំងមូលមានភាពសម្បូរសប្បាយ។
គួរបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា តែងតែចុះផ្សារភ្ជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៩១៥នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួនមួយ៕