សង្គ្រោះជាតិបន្តបោកប្រាស់ប្រជាជននៅក្រៅប្រទេស


CNRP Cheating 07 07 16 2 copy

     មន្ត្រីក្រសួងយុត្តិធម៌ បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសកុំជឿ ការបោកប្រាស់របស់អ្នកនយោបាយមួយចំនួន ដែលហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីតែលាបសក្ការៈ ដែលបានមកពីបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ ពិសេសក្នុងការលើកយកបញ្ហាបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៅក្រៅប្រទេស ។

     អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា វាហាក់មិនមានអ្វីភ្ញាក់ផ្អើលនោះទេ នៅពេលដែលគណបក្សសង្គ្រោះជាតិស្នើ បង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យ បោះឆ្នោតនៅក្រៅប្រទេសនោះ ។ លោកបញ្ជាក់ថា ការលើកឡើងយ៉ាងដូច្នេះក៏ព្រោះតែគណបក្សនេតែងតែប្រប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបម្រើឱ្យនយោបាយទុច្ចរិត បោកប្រាស់របស់ខ្លួនក្នុង គោលបំណងទទួលបាននូវអ្វី ដែលខ្លួនចង់បានដោយឥតអៀនខ្មាស់  ។ តាមទំព័រហ្វេសប៊ុករបស់លោក នារសៀលថ្ងៃទី៦ខែកក្កដា នេះ ឲ្យដឹងថាសេចក្តីស្នើច្បាប់ស្តី ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលមានតំណាងគណបក្សទាំងពីរចូលរួម ការពារនៅក្នុងសម័យប្រជុំពេញអង្គ នៃរដ្ឋសភាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ហើយដែលបានអនុម័តដោយសមាជិកសភាដោយសំឡេង១០១ និង១០៣ស្តែងឱ្យឃើញច្បាស់ថា វាកើតចេញពីការឯកភាពរវាងគណបក្សទាំងពីរក្នុងសភា ។

     លោក គឹម សន្ដិភាព បានបន្ដថា ក្នុងអត្ថបទច្បាប់ដែលបានអនុម័តនេះ គឺបានកំណត់ច្បាស់លាស់អំពីប្រព័ន្ធបោះឆ្នោត ទីតាំងចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត ។ ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅ ប្រទេសត្រូវបានធានានូវសិទ្ធិសេរីភាព ក្នុងការចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត តាមការិយាល័យ និងល័ក្ខខ័ណ្ឌដែលបានកំណត់ក្នុងច្បាប់ ហើយដែលកើតចេញពីការឯកភាព របស់គណបក្សទាំងពីរ។ ក្នុងសារនោះ លោកក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្រៅ ប្រទេសកុំលុះជឿតាម ការបោកប្រាស់ពីសំណាក់អ្នកនយោបាយទុច្ចរិតមួយចំនួន ដែលហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីតែលាបសក្ការៈ ដែលបានមកពីបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ។ ចេតនាមួលបង្កាច់ ទម្លាក់កំហុសនេះ ជាជម្រើសរបស់ក្រុមប្រឆាំង ដើម្បីភូតកុហកបោកប្រាស់បងប្អូន នៅក្រៅប្រទេសឱ្យគាំទ្រគេតែប៉ុណ្ណោះ ក្នុងដំណើរក្រៅប្រទេសរបស់គេនាពេលខាងមុខ ។

     សូមបញ្ជាក់ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតជូនដល់ពលរដ្ឋខ្មែរ ដែលកំពុងបំពេញការងារ និងរស់នៅក្រៅប្រទេស ។ នៅក្នុងលិខិតដាក់ជូន គ.ជ.ប នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ ២០១៦ តំណាងរាស្ត្រមកពីគណបក្សប្រឆាំងនៅកម្ពុជា បានស្នើ គ.ជ.ប រៀបចំការិយាល័យនៅតាមព្រំដែនខ្មែរថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋខ្មែរ ជាច្រើនសែននាក់កំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសថៃ បានចុះឈ្មោះបោះឆ្នោត ហើយក៏អាចមកបោះឆ្នោតបានផងដែរ ។ សម្រាប់បណ្តាប្រទេសឆ្ងាយៗ មិនមានព្រំដែនជាប់ជាមួយកម្ពុជាវិញ តំណាងរាស្ត្របក្សប្រឆាំង ស្នើឲ្យបង្កើតការិយាល័យនៅតាមស្ថានទូត និងស្ថានកុងស៊ុលខ្មែរ ដើម្បីឲ្យពលរដ្ឋខ្មែរ ក៏ដូចជាមន្ត្រីស្ថានទូតអាចចូលរួមចុះឈ្មោះ និងបោះឆ្នោតដូចប្រជាពលរដ្ឋនៅក្នុងប្រទេស ។

     គួរបញ្ជាក់ថា កម្ពុជាអាចនឹងពិចារណាអំពីការរៀបចំការបោះឆ្នោតក្រៅប្រទេសបាន លុះត្រាណាវាជាការបោះឆ្នោតប្រធានាធិបតី ឬជាការបោះឆ្នោតឯកត្តនាម ។ មិនត្រឹមតែប៉ុណ្ណោះ ពេលវេលាខុសគ្នាទៅតាមប្រទេសនីមួយៗ ក៏ត្រូវគេឃើញថាជាបញ្ហាមួយផងដែរ ៕

CNRP Cheating 07 07 16 3 copy

CNRP Cheating 07 07 16 4 copy