ឯកឧត្តម សាយ សំអាល់ សរសើរមន្រ្តីខិតខំបំពេញការងារគ្រប់គ្រងបរិស្ថានក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥


នៅក្នុងជំនួបជាមួយមន្រ្តីក្រសួងបរិស្ថាន នាទីស្តីការក្រសួង នៅថ្ងៃសៅរ៍ ៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងសរសើរចំពោះមន្រ្តីទាំងអស់ដែលបានខិតខំបំពេញការងារល្អក្នុងការគ្រប់គ្រងបរិស្ថាន នៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រ ផែនការសកម្មភាព និងទិសដៅការងារអាទិភាព សម្រាប់ឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួងបរិស្ថានបាន និងបន្តអនុវត្ត ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីបរិស្ថាន សំដៅប្រមូលផ្តុំកម្លាំងមហាជនពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមកាន់តែសកម្មបន្ថែមទៀត ក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងនូវចំណុចគន្លឹះនៃស្ថានភាព ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់កំណត់ទិសដៅការងារអាទិភាពក្នុងវិស័យនេះនៅក្នុងអាណត្តិបន្ទាប់ សំដៅឆ្លើយតបទៅនឹងដំណើរវិវត្តន៍នៃនិន្នាការនយោបាយ ស្ថានភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ ទាំងនៅថ្នាក់ជាតិ តំបន់ និងពិភពលោក ។
សូមបញ្ជាក់ថា ផ្អែកលើ «គោលនយោបាយគណបក្សប្រជាជនកម្ពុជា ដើម្បីកសាង និងការពារមាតុភូមិ ឆ្នាំ២០១៣–២០១៨ យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងមតិណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ របស់គណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣» ក្រសួងបរិស្ថានបានកំណត់យក «ការធ្វើទំនើបកម្មស្ថាប័ន កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព» ជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះ សម្រាប់ការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍដោយចីរភាព ស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់អង្គការសហប្រជាជាតិ។
សមិទ្ធផលជាច្រើនកើតឡើងក្នុងវិស័យបរិស្ថាន គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងភាពជាម្ចាស់លើកិច្ចការដ៏មានសារៈសំខាន់នេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ ក៏បានថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងបរិស្ថាន ដើម្បីបុព្វហេតុបរិស្ថាន ពោលគឺកិច្ចសហការរួមគ្នា ដើម្បីកសាងសង្គមកម្ពុជាមួយ ប្រកបដោយបរិស្ថានល្អស្អាត ស្រស់បំព្រង សុខុមាលភាពសង្គម តុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី និងការអភិវឌ្ឍដោយចីរភាព។