អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិក្របីជ្រុំ


នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះបងប្អូនប្រជាពលរដ្ឋ នៅភូមិក្របីជ្រុំ ទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែងតែរួមសុខ រួមទុក្ខជាមួយបងប្អូន និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា ពិសេសគឺសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា ផ្លូវថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ វត្តអារាម បណ្តាញទឹក និងភ្លើង រហូតទទួលបាននូវការអភិវឌ្ឍគ្រប់វិស័យដូចដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្ត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋបន្តខិតខំបង្កបង្កើនផល បញ្ជូនកូនទៅសាលារៀន ថែរក្សាសុខភាពឲ្យបានល្អ និងរាយការណ៍អំពីទុក្ខកង្វល់ បញ្ហាប្រឈម ឬសំណូមពរផ្សេងៗទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើការសិក្សានិងដោះស្រាយជូន។ ឯកឧត្តម បានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នាកុំខានឲ្យសោះ ពីព្រោះវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ និងប្រជាជនគ្រប់ៗរូប ក្នុងការអនុវត្តសិទ្ធិរបស់ខ្លួន ដើម្បីជ្រើសរើសមេដឹកនាំដែលខ្លួនស្រលាញ់ពេញចិត្ត ហើយជាពិសេសគឺបោះឆ្នោតគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាឲ្យមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ មានសុខសន្ដិភាព ស្ថិរភាព សន្ដិសុខ និងសង្គមជាតិទាំងមូលមានភាពសម្បូរសប្បាយ។

គួរបញ្ជាក់ផងដែរថា ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត តែងតែចុះផ្សារភ្ជាប់ជាប្រចាំជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥០០នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុងចំនួនមួយ និងឧបត្ថម្ភស័ង្កសីតាមរយៈឯកឧត្តមអភិបាលខេត្តចំនួន១០០សន្លឹក ជូនវត្តភូមិក្របីជ្រុំ និងសាងសង់ផ្លូវក្រាលគ្រួសក្រហម១ខ្សែ ប្រវែង១គីឡូម៉ែត្រ ចូលទៅកាន់ភូមិក្របីជ្រុំ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ៕