កម្ពុជាគ្រោងនឹងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ តាមបទដ្ឋានទីផ្សារការងារ ដល់ប្រជាពលរដ្ឋដែលមានបំណង ចង់ទៅបម្រើការងារនៅក្រៅប្រទេស ។ មជ្ឈមណ្ឌលគំរូ ឈ្មោះថា (Center of Excellence) នឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗនេះ ក្រោមការសហការរវាងក្រុមហ៊ុនឯកជនកម្ពុជា-ជប៉ុន ។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង បានមានប្រសាសន៍ក្នុងពេលចូលរួមក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នា រវាងក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប ខូអិលធីឌី (URG) ជាមួយក្រុមហ៊ុន NIPPON MANUTURING SERVICE (MNS) របស់ជប៉ុន លើការបង្កើតមជ្ឈមណ្ឌលគំរូ (Center of Excellence) នោះថា មជ្ឈមណ្ឌលគំរូនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជា នូវការជួយតម្រង់ទិស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានជំនាញត្រឹមត្រូវ តាមបទដ្ឋានជំនាញ នៃទីផ្សារការងារក្នុងប្រទេស និងក្រៅប្រទេស ។
ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ជាពិសេសមណ្ឌលនេះ ក៏ជាការបណ្ដុះបណ្ដាល ដើម្បីផ្គត់ផ្គង់ហត្ថពលករកម្ពុជាជំនាញៗ ដល់អ្នកវិនិយោគបរទេស ដែលចូលមកវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ ។ ប្រធានក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប លោកស្រី អ៊ឹង ស៊ាងរិទ្ធី បានលើកឡើងថា ក្រុមហ៊ុន អ៊ឹង រិទ្ធី គ្រុប បាននឹងកំពុងសិក្សាបង្កើតមណ្ឌលនេះឡើងជាមួយបច្ចេកវិទ្យាខ្ពស់ ។ លោកស្រីបន្តថា ការបង្កើតមជ្ឈមណ្ឌលគំរូនេះ មានការគាំទ្រពីក្រុមហ៊ុនជាដៃគូជាច្រើនដែលមាននៅប្រទេសមួយចំនួន រួមមានមានប្រទេសថៃ ចិន វៀតណាម ម៉ាឡេស៊ី និងប្រទេសជប៉ុន ជាដើម ។
សូមជម្រាបថា ក្នុងឆ្នាំ ២០១៥-២០១៦ នេះ ពលករដែលទៅធ្វើការស្របច្បាប់ នៅក្រៅប្រទេស មានដូចជា នៅប្រទេសថៃ ជាង ៧០ម៉ឺននាក់, ប្រទេសម៉ាឡេស៊ី ប្រហែល៥ម៉ឺននាក់, ប្រទេសកូរ៉េចំនួន៤ម៉ឺននាក់, ប្រទេសជប៉ុនជាង ២ពាន់នាក់ និង ប្រទេសសិង្ហបុរី ចំនួន៤រយនាក់ ៕