ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសមពីសំណាក់ឯកអគ្គរដ្ឋបារាំង


នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបសម្តែងការគួរសមពីសំណាក់ លោកជំទាវ Madame Eva Nguyen Binh ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំង ប្រចាំការនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការ និងទំនាក់ទំនងបន្តរវាងប្រទេសទាំងពីរ ជាពិសេសការគាំទ្រតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) លើគម្រោងផ្គត់ផ្គង់ទឹក និងអនាម័យ ព្រមទាំងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងទីក្រុងនៅប្រទេសកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ បានជម្រាបជូនអំពីគំនិតផ្តួចផ្តើមកំណែទម្រង់ថ្មីៗ និងគម្រោងបន្តបន្ទាប់នាពេលអនាគត សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានសម្តែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកនូវកិច្ចសហការលើការពង្រឹងបន្ថែមនូវសកម្មភាពការដឹកជញ្ជូនសាធារណៈ និងអនាម័យទឹក។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការពិនិត្យឡើងវិញនូវបណ្តាញផ្លូវរថភ្លើងបង្កប់នៅលើផ្លូវថ្នល់ក្នុងទីក្រុង(Tramway) និងបានស្នើឲ្យលោកជំទាវឯកអគ្គរដ្ឋទូត និងក្រុមការងារ ជួយគាំទ្រគំនិតផ្តួចផ្តើមទាក់ទងនឹងការពង្រឹងការដឹកជញ្ជូនសាធារណៈនៅទីក្រុងភ្នំពេញ ដែលអាចចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

លោកជំទាវឯកអគ្គរដ្ឋទូត បានកត់សម្គាល់ និងបានសន្យាពិនិត្យមើលសំណើរទាំងឡាយខាងលើ។