ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺបាន អញ្ជើញសំណេះសំណាល ជាមួយប្រជាការពារភូមិ របស់ស្រុកសំរោងទង


ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៨ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល ជាមួយប្រជាការពារ ទាំង៣ឃុំ របស់ស្រុកសំរោងទង ដែលមានប្រជាការពារសរុបចំនួន ៦៨៣នាក់ ។

នាឱកាសសំណេះសំណាលនេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមសហការគ្រប់សកម្មភាព របស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជាការជួយសម្រួល ចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ច ។

ឯកឧត្តម វ៉ី សំណាង ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិឃុំប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើងឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ។

ឯកឧត្តម បានបន្តថា ដោយមានការគាំទ្ររាជរដ្ឋាភិបាល តាមរយៈការអនុវត្តន៍ គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើអោយប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងធ្វើអោយភាពក្រីក្រ ក្នុងមូលដ្ឋានបានថយចុះមួយកម្រិតផងដែរ។

ឯកឧត្តម វ៉ី សំណាង បានសង្កត់ធ្ងន់ថា សន្តិភាពនេះ រកបានមកដោយលំបាក ក្រោមការតស៊ូប្តូផ្តាច់យកជីវិតទៅប្តូរ យកសន្តិភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកច្រកម្ពុជា ជាប្រមុខដឹកប្រទេសដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិ តាំងបាតដៃទទេរ នាំមកការរីកចម្រើនលើគ្រប់វិស័យ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិ។

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួន ជូនដល់ប្រជាការពារភូមិទាំង ៦៨៣ នាក់ ផងដែរ ៕