ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ចំនួនពីរ នៅថ្ងៃនេះ


(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ចំនួនពីរ គឺ ទី១. របាយការណ៍លទ្ធផលអង្កេតនិយោជកស្តីពី កង្វះនិងគម្លាតជំនាញនៅក្នុងទីផ្សារការងារកម្ពុជា ឆ្នាំ២០១៧, និង ទី២. របាយការណ៍ស្តីពីទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ ។ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីតំណាងមកពីក្រសួងស្ថាប័នរាជរដ្ឋាភិបាល សហជីព សភាពាណិជ្ជកម្ម សមាគមយុវជន សមាគមនិយោជក គ្រឹះស្ថានអប់រំបណ្តុះបណ្តាល អង្គការជាតិអន្តរជាតិ និងភាគីពាក់ព័ន្ធនានាចំនួនប្រមាណ៣០០នាក់ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨នេះ។

របាយការណ៍ទាំងពីរនេះ ត្រូវបានធ្វើការអង្កេត វិភាគ បោះពុម្ព និងផ្សព្វផ្សាយដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមគម្រោងស្តីពី “ការគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា” ផ្តល់ហិរញ្ញប្ប-ទានដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) និងអនុវត្តដោយទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈ ស៊ុយអែត (Arbetsformedlingen)។

លោកជំទាវ ម៉ារៀ សាគ្រិន ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលើកឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ទាំងពីរនេះថា៖ “ប្រទេសស៊ុយអែតតាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអែតបានសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារតាំងពីឆ្នាំ២០១២ ដើម្បីគាំទ្រដល់ការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជន។ ជាក់ស្តែង របាយការណ៍ទាំងពីរដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការនេះ។ វាគឺជាប្រភពព័ត៌មានដែលអាចជឿទុកចិត្តបាន និងមានសារប្រយោជន៍សម្រាប់អ្នកស្វែងរកការងារធ្វើជាពិសេសយុវជន អាចស្វែងរកការងារបានកាន់តែល្អប្រសើរនាពេលខាងមុខ។”

ថ្លែងក្នុងពិធីផ្សព្វផ្សាយនេះផងដែរ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង មានប្រសាសន៍ថា៖ “លទ្ធផលនៃការធ្វើអង្កេតនេះ ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្តល់ព័ត៌មានអំពីស្ថានភាពទីផ្សារការងារនាពេលបច្ចុប្បន្នទៅដល់ភាគីពាកព័ន្ធនានា និងរួមចំណែកពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារនៅកម្ពុជាទាំងមូលឲ្យដំណើរការពេញលេញ ពិសេសយុវជន និងអ្នកស្វែងរកការងារអាចត្រៀមខ្លួនបានកាន់តែប្រសើរស្របតាមតម្រូវការរបស់ទីផ្សារការងារ។ ការបន្តរក្សាបាននូវសន្តិភាព ស្ថិរភាពពេញលេញទូទាំងប្រទេសនាំឲ្យកម្ពុជាបន្តទាក់ទាញបាននូវវិនិយោគិនកាន់តែល្អ និងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល២ ទសវត្សរ៍កន្លងមកនេះ នាំឱ្យយើងអាចបង្កើតការងារថ្មីកាន់តែប្រសើរជាច្រើន និងបន្តរក្សាការងារដែលមានស្រាប់ជូនប្រជាពលរដ្ឋជាពិសេសយុវជនដែលដល់អាយុធ្វើការចំនួនប្រមាណ៣សែននាក់ក្នុងមួយឆ្នាំៗ។ កត្តានេះនាំឱ្យកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះ មានអត្រាមានការងារធ្វើខ្ពស់រហូតដល់កម្រិត ៩៩.៣% ស្មើនឹងប្រមាណជិត១០លាននាក់ ហើយអត្រាគ្មានការងារធ្វើត្រូវបានកាត់បន្ថយមកត្រឹមកម្រិតទាប០.៧%។ ក្នុងចំណោមអ្នកមានការងារធ្វើសរុបទាំងអស់មានចំនួនជិត១.៥លាននាក់ធ្វើការនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ, ជាង២.៤លាននាក់នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ជាង៤លាននាក់នៅក្នុងវិស័យកសិកម្ម, ១.២លាននាក់ធ្វើការនៅក្រៅប្រទេស, និងចំនួនជាង០.៥លាននាក់ជាមន្រ្តីសាធារណៈ។”

ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ច-សង្គមដ៏ឆាប់រហ័សនេះ នាំឲ្យទីផ្សារការងារនៅកម្ពុជាមានជវភាពខ្លាំង ដែលបណ្តាលឲ្យមានការកើតឡើងនូវកង្វះ និងគម្លាតជំនាញដោយសារយន្តការគាំទ្រដោយលំហូរព័ត៌មានរវាងភាគីពាក់ព័ន្ធជាពិសេសអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលមិនទាន់ត្រូវបានអភិវឌ្ឍល្អពេញលេញ។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខិតខំដោះស្រាយតាមរយៈការអនុវត្តគោលនយោបាយទីផ្សារការងារសកម្ម ដោយបង្កើតឱ្យមានឡើងនូវប្រព័ន្ធព័ត៌មានទីផ្សារការងារជាតិមួយ គឺទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដែលដើរតួនាទីក្នុងការប្រមូល វាយតម្លៃ និងផ្តល់ព័ត៌មាន ទីផ្សារទូលំទូលាយ សំដៅធ្វើឱ្យមានតម្លាភាពទូទាំងប្រទេសពាក់ព័ន្ធនឹងការផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារការងារ ផ្តល់ភាពងាយស្រួលឆាប់រហ័សដល់អ្នកស្វែងរកការងារ និងនិយោជកក្នុងការទទួលបានព័ត៌មាននិងការផ្គូផ្គងរវាងឱកាសការងារ និងដំណឹងជ្រើសរើសកម្លាំងពលកម្មព្រមទាំងផ្តល់ការគាំទ្រផ្សេងទៀតដើម្បីជួយឱ្យទីផ្សារការមានដំណើរការកាន់តែប្រសើរ។

យោងតាមលទ្ធផលអង្កេតនិយោជកលើកទី៤ ស្តីពីកង្វះ និងគម្លាតជំនាញនៅក្នុងទីផ្សារការងារឆ្នាំ២០១៧នេះ បង្ហាញថា៖ ៧៧.៩% នៃនិយោជកនៅក្នុងវិស័យសណ្ឋាគារ និងការស្នាក់នៅកំពុងជួបបញ្ហាលំបាកក្នុងការជ្រើសរើសបុគ្គលិក។ ចំណែកឯ វិស័យដទៃទៀតគឺស្ថិតក្នុងអត្រា៖ ៦៤.១% ក្នុងវិស័យឡូជីស្ទីកនិងការដឹកជញ្ជូន, សុខាភិបាល ៥៨.៣%, អប់រំនិងបណ្តុះបណ្តាល ៥៣.០%, កែច្នៃម្ហូបអាហារនិងភេសជ្ជៈ៥១.៧%, ហិរញ្ញវត្ថុនិងធានារ៉ាប់រង ៥០.៧%, ព័ត៌មានវិទ្យា ៣៦.៥%, សំណង់ ៣៤.៤%, វាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង២០.៩%, និងផលិតកម្មកៅស៊ូ និងផ្លាស្ទីក ៧.៣%។ កត្តាចម្បងដែលនាំឱ្យនិយោជកជួបប្រទះការលំបាកក្នុងការជ្រើសរើសកម្លាំងពលកម្មគឺបណ្តាលមកពី៖ បេក្ខជនគ្មានជំនាញបច្ចេកទេសតាមតម្រូវការ,មានការប្រកួតប្រជែងខ្លាំងក្នុងចំណោមនិយោជកក្នុងការជ្រើសរើស,កង្វះបពិសោធន៍ការងារ, និងបេក្ខជនដាក់ពាក្យស្វែងរកការងារមានចំនួនតិច។ ជំនាញសំខាន់ៗដែលអ្នកស្វែងរកការងារមានការខ្វះខាតរួមមាន៖ ជំនាញភាសាបរទេស, ជំនាញបច្ចេកទេស, ការបម្រើសេវាអតិថិជន, ការនិយាយស្តី, ការបំពេញការងារជាក្រុម, ការដោះស្រាយបញ្ហា, និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន។

ទន្ទឹមនេះ ទិន្នន័យដែលប្រមូលបានពីការអង្កេតនេះបានផ្តល់លទ្ធភាពឱ្យ NEA ធ្វើការវិភាគព្យាករណ៍ និងផលិតជារបាយការណ៍មួយទៀតស្តីពី ”ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨” ដែលបង្ហាញអំពីការវិវត្តរបស់ទីផ្សារការងារនៅកម្ពុជាដោយផ្តោតសំខាន់ទៅលើឱកាសការងារតាមប្រភេទនៃមុខរបរ។ លទ្ធផលនៃរបាយការណ៍នេះបានបង្ហាញថា ប្រភេទការងារដែលអាចឲ្យអ្នកស្វែងរកការងារងាយនឹងទទួលបាននោះមានដូចជា៖ វិស្វករឧស្សាហកម្មនិងផលិតកម្ម, វិស្វករទូរគមនាគមន៍, អ្នកឯកទេសផ្នែកវិទ្យុសាស្រ្ត និងថតកាំរស្មីអ៊ិច, អ្នកបកប្រែអត្ថបទនិងអ្នកបកប្រែផ្ទាល់មាត់, អ្នកបច្ចេកទេសផ្នែកសេវាគាំទ្រព័ត៌មានវិទ្យា, វិស្វករគីមី, អ្នកបញ្ជាម៉ាស៊ីនចំហ៊ុយទឹក, ជាងធ្វើកញ្ចក់, ជាងតម្លើងបំពង់ទុយោរ និងបំពង់បង្ហូរ និងអ្នកតម្លើងម៉ាស៊ីនយានយន្ត។

សម្រាប់ព័ត៌មានលំអិត សាធារណជនអាចចូលគេហទំព័ររបស់ NEA (www.nea.gov.kh/kh/nea/survey) ដើម្បីទាញយករបាយការណ៍ទាំងពីរនេះ៕