អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ រដ្ឋមន្ត្រីយុត្តិធម៌ធ្វើអធិបញ្ជារឱ្យអយ្យការ ចាត់ការតាមច្បាប់ចំពោះទង្វើ ទណ្ឌិត សម រង្ស៊ី ប្រមាថអង្គព្រះមហាក្សត្រ


(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងការចោទសួររបស់បណ្តាញព័ត៌មាន Fresh News ពាក់ព័ន្ធនឹងករណីប្រមាថអង្គព្រះមហាក្សត្រ ដែលធ្វើដោយទណ្ឌិត សម រង្ស៊ី ម្តងហើយម្តងទៀតនោះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៨នេះ បានបង្ហើបថា នៅពេលនេះ លោក អង្ស វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បាន​ធ្វើអធិបញ្ជារឱ្យតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ចំពោះករណីនេះហើយ។

លោក គឹម សន្តិភាព បានបញ្ជាក់ក្នុងពេលផ្តល់បទសម្ភាសន៍យ៉ាងដូច្នេះថា៖ «ដើម្បីការពារព្រះចេស្តាអង្គព្រះមហាក្សត្រ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជា ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើអធិបញ្ជារឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានតាមច្បាប់ចំពោះទង្វើទណ្ឌិត សម រង្ស៊ី ប្រមាថចំពោះអង្គព្រះមហាក្សត្រ តាំងពីថ្ងៃសុក្រសប្តាហ៍នេះ!»

វិធានការរបស់ លោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នាពេលនេះ បានធ្វើឡើងស្របពេលដែល មានការងើបទាមទារឱ្យតុលាការកម្ពុជា ចាត់វិធានការឱ្យបានម៉ឺងម៉ាត់តាមច្បាប់ ចំពោះទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានប្រមាថថា ព្រះរាជសារព្រះមហាក្សត្រ ជាទីសក្ការៈ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត នាចុងខែកក្កដាខាងមុខនោះ គឺជាព្រះរាជសារក្លែងក្លាយ និងគ្មានតម្លៃ ទោះបីជាព្រះបរមរាជវាំងចេញមុខប្រកាសថា ព្រះរាជសារនោះ ជាព្រះរាជសារពិតប្រាកដ មិនក្លែងក្លាយក៏ដោយ។

កាលពីម្សិលមិញ មានប្រធានគណបក្សនយោបាយចំនួន២ គឺគណបក្សយុវជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ដែលចូលរួមក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត ខាងមុខនេះ បានចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះការប្រមាថរបស់ លោក សម រង្ស៊ី លើព្រះរាជសារព្រះមហាក្សត្រ។ ប្រធានគណបក្សទាំងពីរនេះ ចេញមុខទាមទារឱ្យតុលាការចាត់វិធានការទៅតាមផ្លូវច្បាប់។

បើតាមច្បាប់ថ្មី មាត្រា ៤៣៧ ស្ទួន ជំពូកទី១ នៃមាតិកាទី១នៃគន្ថីទី៤ នៃក្រមព្រហ្មទណ្ឌ បានចែងថា «ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ០១ឆ្នាំ ទៅ០៥ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ១០លានរៀល។ ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោសពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយ ឬច្រើន ក្នុងករណីដែលតុលាការរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ទនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»