សមិទ្ធផលថ្មីមួយថែមទៀតសម្រាប់ប្រជាពុទ្ធបរិស័ទនៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង


នៅព្រឹកថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះខ័ណ្ឌសីមាព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តព្រះពុទ្ធជ័យមង្គល ហៅវត្តបត់សាលាស្ថិតក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបានចាប់កសាងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១០ និងកសាងរួចរាល់ជាស្ថាពរ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៤ ។ ព្រះវិហារថ្មីនេះមានបណ្តោយប្រវែង ១៨ ម៉ែត្រ ទទឹង១៣ ម៉ែត្រ មានកម្ពស់ ១៨ ម៉ែត្រដំបូលប្រក់ក្បឿង ដោយចំណាយថវិកាអស់ ១១៣.០០០ ដុល្លាអាមេរិក និងកសាងសាលាធម្មសភា ១ខ្នង មានបណ្តោយ ៣២ ម៉ែត្រ ទទឹង ១២ ម៉ែត្រ ដំបូលប្រក់ក្បឿង សាងសង់រួចនៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ សរុបថវិកាកសាង ៧៨.៥៧០ ដុល្លាអាមេរិក ។