ជ័យលាភីកីឡាជាតិលើកទី២​ ខេត្តរតនគិរី ទទួលបានការលើកទឹកចិត្តពីអភិបាលខេត្តរតនគិរី


ឯកឧត្តម​ ថង សាវុន អភិបាលខេត្តរតនគិរី នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ បានអនុញ្ញាតឲ្យប្រតិភូកីឡា និងកីឡាករ កីឡាការិនី ដែលចូលរួមការប្រកួតកីឡាជាតិលើកទី២ ជួបសម្តែងការគួរសម ដែលពិធីនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្ត ។

ថ្លែងទៅកាន់ក្មួយៗកីឡាករ កីឡាការិនី ឯកឧត្តម​ ថង សាវុន បានសម្តែងនូវការកោតសរសើរ​ និងអបអរសាទរជាមួយក្មួយៗដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការប្រកួតរហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ។ មិនត្រឹមតែប៉ុណ្ណោះការចូលរួមរបស់ក្មួយៗបានញាំងឲ្យព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះកាន់តែមានភាពមហស្ចារ្យ អធិកអធម ទាំងនេះក៏ដោយសារកត្តាសន្តិភាពដែលសម្តេចតេជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកសាងមក និងការពារយ៉ាងរឹងមាំ និងសម្តេចបានយកចិត្តទុកដាក់លើវិស័យកីឡា ដូច្នេះក្មួយៗត្រូវតែចូលរួមការពារសន្តិភាពនេះជាមួយរដ្ឋាភិបាល និងសម្តេចតេជោ ។

ឯកឧត្តមអភិបាលខេត្តបានជំរុញឲ្យកីឡាករទាំងអស់ត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីយើងឈានឆ្ពោះទៅរកការប្រកួតសុីហ្គេមនាពេលខាងមុខដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ ក៏ដើម្បីអនាគតរបស់ក្មួយ និងកិត្តយសគ្រួសារ សង្គមជាតិទាំងមូល ។

ឯកឧត្តម​ ថង សាវុន បានឧបត្តម្ភជ័យលាភីមេដៃមាស៣នាក់ ក្នុងម្នាក់ៗទទួលបាន ៤០ម៉ឺនរៀល មេដៃប្រាក់ ២នាក់ ក្នុងម្នាក់២៨ម៉ឺនរៀល កីឡាបេតង់ ៦នាក់ ម្នាក់២០ម៉ឺនរៀល និងឧបត្ថម្ភថវិកា ២លានរៀល សម្រាប់ក្រុមកីឡាទាំងមូល ។