សម្តេចភក្តី សាយ ឈុំ អញ្ជើញសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលក្នុងវត្តចំការខ្សាច់ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ


ព្រឹកថ្ងៃពុធ ១កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធឆ្លងឧបដ្ឋានសាលា សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តចំការខ្សាច់ ស្ថិតក្នុងភូមិ ម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នាឱកាសនោះ សម្តេចភក្តី បានថ្លែងកោតសសើរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់ព្រះគ្រូចៅអធិការវត្តគ្រប់ជំនាន់ ព្រះសង្ឃ លោកអាចារ្យ គណៈកម្មការវត្តពុទ្ធបរិស័ទ ជិតឆ្ងាយចំណុះជើងវត្ត ព្រមទាំងសប្បុរសជនទាំងឡាយដែលបានរួមចំណែកកសាងធ្វើឲ្យវត្តចំការខ្សាច់ ដែលមានចំណាស់ជាង៥០០ឆ្នាំមកហើយនេះ បានរស់ឡើងវិញមានរចនាសម្ព័ន្ធកាន់តែគ្រប់គ្រាន់ សក្តិសមជាអារាមជាទីគោរពសក្ការៈរបស់ប្រជាពុទ្ធបរិស័ទយើងតាមប្រពៃណីព្រះពុទ្ធសាសនា តាមពុទ្ធប្បញ្ញតិ និងតាមពុទ្ធានុញ្ញាត ជាពិសេសឯកឧត្តម លី ឆេង អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអគ្គនាយកក្រុមហ៊ុន ប៊ែលធី គ្រុប និងលោកជំទាវ ប៊ូ អ៊ា ព្រះតេជគុណគ្រប់ព្រះអង្គ សប្បុរសជនទាំងអស់ដែលបានបរិច្ចាកធនធានផ្ទាល់ខ្លួនសាងសង់សំណង់ទាំង១១ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ។
សមិទ្ធផលទាំងអស់នេះមិនគ្រាន់តែបង្ហាញអំពីការរីកចំរើនរបស់វត្តចំការខ្សាច់ប៉ុណ្ណោះទេ គឺនៅបានរួមចំណែកដល់ការរីចម្រើនរបស់វិស័យព្រះពុទ្ធសាសនានៅក្នុងមូលដ្ឋានសង្កាត់ស្ពានថ្មផង នៅរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសផងដែរ។
សម្តេច បានសំណូមពរ៖
-សូមថែរក្សារាល់សមិទ្ធផលដែលមានរហូតមកទល់ថ្ងៃនេះ ឲ្យបានគង់វង្សស្ថិតស្ថេរយូរអង្អែងទុកជាមរតកសម្រាប់កូនចៅជំនាន់នេះ នឹងជំនាន់តរៀងទៅនិងសូមបន្តជួយកសាងវត្តតទៅទៀតដើម្បីឲ្យមានការរីកចំរើនថ្មី ស្របតាមការរីកចំរើនរបស់ប្រទេសជាតិយើង
-សូមព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ថែរក្សាឲ្យបានល្អនូវសាមគ្គីភាព និងភាពសុខដុមរម្យមនាជាមួយសាសនិកនៃសាសនាផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋានយើងទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
-សូមអាជ្ញាធរគ្រប់ថ្នាក់ ជួយថែរក្សាការពារ និងបង្ករគ្រប់លក្ខណៈសម្បត្តិ ដើម្បីឲ្យវត្តយើងប្រតិបត្តិធម៌វិន័យបានកាន់តែល្អតទៅ។
សម្តេច បានជំរាបជូនអង្គពិធីបន្តទៀតថា នៅសល់តែ៤៧ថ្ងៃទៀតទេ គឺដល់ថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ហើយ ដែលនេះគឺជាការបោះឆ្នោតដែលអនុវត្តត្រឹមត្រូវ និងទៀងទាត់តាមកាលកំណត់របស់រដ្ឋធម្មនុញ្ញសូមព្រះតេជគុណគ្រប់ព្រះអង្គ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ សូមអញ្ជើញទៅបោះឆ្នោះឲ្យបានគ្រប់គ្នា ដើម្បីបំពេញកាត្វកិច្ចជាពលរដ្ឋដើម្បីសម្រេចជោគវាសនារបស់ខ្លួនយើងផង របស់ប្រទេសជាតិយើងផង ដោយជ្រើសរើសយកគណបក្សនយោបាយដែលយើងពេញចិត្ត គណបក្សនយោបាយដែលមានបទពិសោធន៍ក្នុងការដឹកនាំ មានថ្នាក់ដឹកនាំ និងធនធានមនុស្ស ដែលមានសមត្ថភាពការពារឯករាជ្យភាព អធិបតេយ្យភាព និងបូរណភាពដែនដីដែលមានសមត្ថភាពថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងមានសមត្ថភាពដឹកនាំប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងជាសង្គមជាតិដែលមានអារ្យធម៌ និងសេចក្តីស្រលាញ់ គ្មានការកើតឡើងវិញនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពីអតីកាលទៀតឡើយ៕