រដ្ឋមន្ត្រីកសិកម្មជំរុញឲ្យដាំដំណាំលើដី ដែលទទួលសម្បទានពីរដ្ឋ


Veng Sakon 22 07 16 2 copy

     រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយក្រុមហ៊ុន សម្បទានដីសេដ្ឋកិច្ច និងមន្ត្រីពាក់ព័ន្ធជាង ៣៥០នាក់ នៅព្រឹកថ្ងៃទី២១កក្កដា ឆ្នាំ២០១៦ ។

     ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានថ្លែងថា ការជួបជុំគ្នាថ្ងៃនេះជាវេទិកាពិភាក្សា រួមគ្នារវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ដើម្បីស្វែងយល់អំពីវឌ្ឍនភាពបញ្ហាប្រឈម ដែលក្រុមហ៊ុនជួបប្រទះ និងការបន្តកិច្ចខិតខំប្រឹងប្រែងរួមសហការ ដើម្បីរកដំណោះស្រាយចំពោះបញ្ហាទាំងឡាយនោះ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឲ្យក្រុមហ៊ុនទាំងអស់ ដែលទទួលបានដីសម្បទានពីរដ្ឋ ប្រញាប់ធ្វើការដាំដុះលើផ្ទៃដីរបស់ខ្លួនទៅតាមកិច្ចសន្យា ។ ឯកឧត្តមក៏បានស្នើឲ្យ ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលត្រូវដល់ពេលកំណត់បង់ថ្លៃឈ្នួលដីទាំងអស់ ត្រូវរួតរះបង់ថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន និងត្រូវសហការឲ្យបានល្អជាមួយគណៈកម្មការ ប្រមូលថ្លៃឈ្នួលដីសម្បទានសេដ្ឋកិច្ច ។

     តាមរបាយការណ៍ក្រសួងកសិកម្ម បច្ចុប្បន្នកម្ពុជា មានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច មានសុពលភាពចំនួន២២៣ ក្រុមហ៊ុន មានទីតាំងតាមបណ្តាខេត្តចំនួន១៨ ដែលមាន ផ្ទៃដីអាជីកម្ម ផលិតកម្ម សរុបប្រមាណ ១លាន ៦ម៉ឺន ៩ពាន់ហិកតា ។ ក្នុងពិធីនោះដែរ តំណាងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច មួយចំនួនបានឡើងមានមតិ និងសំណូមពរពាក់ព័ន្ធ ជាការពន្លឿននីតិវិធីស្នើសុំឈូសឆាយ… ដាំដុះ… ការចុះបញ្ជីដី… ការបង់ថ្លៃសម្បទានដី… ជាដើម។ល។ ហើយឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការ បកស្រាយ ពន្យល់ និងស្នើមានកិច្ចសហការកាន់តែជិតស្និទ្ធ រវាងក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ដើម្បីដោះស្រាយបញ្ហានៅសេសសល់ ប្រកបដោយស្មារតីសហការ និងយោគយល់គ្នាខ្ពស់ ។

Veng Sakon 22 07 16 3 copy  Veng Sakon 22 07 16 4 copy

Veng Sakon 22 07 16 5 copy  Veng Sakon 22 07 16 6 copy