មេដឹកនាំសហជីពធំៗចំនួន៩ បានធ្វើលិខិតរួមគ្នាមួយទៅ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ដើម្បីរារាំងបំណងរបស់ លោក សម រង្ស៊ី ដែលស្នើរកការបិទផ្សារវាយនភណ្ឌពីកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប ។ លិខិតស្នើរបស់មេដឹកនាំសហជីពទាំង៩ បានធ្វើកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៦ ក្រោយសម្តីរបស់ប្រធាន គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ទៅកាន់សភាអឺរ៉ុប ថ្ងៃទី១៣ ខែកក្កដា បាននិយាយបង្ហាញថា ការបិទទីផ្សារនោះ បានប៉ះពាល់តែថៅកែរោងចក្រនោះទេ ។
លិខិតមេដឹកនាំសហជីព បានសរសេរ ប្រាប់ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថា ការស្នើសុំបិទការនាំ ចេញសម្លៀកបំពាក់កាត់ដេរ និងស្បែកជើង ពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុប គឺប្រាកដណាស់នឹងធ្វើអោយប៉ះពាល់ដល់ ជីវភាពរស់នៅរបស់កម្មករ និយោជិត រាប់សែននាក់ និងប្រជាពលរដ្ឋរាប់លាននាក់ផ្សេងទៀត ដែលទទួលផលដោយប្រយោលពីវិស័យមួយនេះ ។
លិខិតបានសរសេរថា ការបិទទ្វារនេះក៏ នឹងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិទាំងមូលផងដែរ ។ លិខិតបានសរសេរស្នើអោយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប មេត្តាពិនិត្យ និងពិចារណា កុំផ្តាច់កូតានាំចេញសម្លៀកបំពាក់ ហើយបន្តកិច្ច សហប្រតិបត្តិការ និងបន្ថែមការបញ្ជាទិញពីប្រទេសកម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបបន្ថែមទៀត ៕